(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ ការយល់ដឹងពាក់ព័ន្ធនឹងការវិនយោគ និយ័តករមូលបត្រកម្ពុជា បានរៀបចំនូវអត្ថបទមួយ ពន្យល់យ៉ាងលម្អិតលើការវិនិយោគ លើផលិតផលវិនិយោគស្របច្បាប់។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃអត្ថបទរបស់និយ័តករមូលបត្រកម្ពុជា៖

យោងតាមការចេញផ្សាយដោយធនាគារពិភពលោក (World Bank) ផលិតផលក្នុងស្រុកសរុប (GDP)សម្រាប់មនុស្សម្នាក់នៅកម្ពុជា បានកើនឡើងពី ៧៨៣ ដុល្លារ (២០១០) ដល់ ១.៦២៥ ដុល្លារ (ឆ្នាំ២០២១)។ បន្ថែមពីនេះ យោងតាមគេហទំព័រ Statista.com បានព្យាករណ៍ថា GDP កម្ពុជានឹងបន្តកើនឡើងដល់ប្រមាណ ២.៦៥៦ ដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៨។ កំណើនប្រាក់ចំណូលជាមធ្យម និងការកើនឡើងនៃទ្រព្យសម្បត្តិរបស់ប្រជាជន កម្ពុជាដែលមានជីវភាពមធ្យម នឹងបង្កើនតម្រូវការសម្រាប់ការវិនិយោគ។ ក៏ប៉ុន្តែថ្មីៗនេះ យើងក៏បានសង្កេតឃើញ នូវការរាយការណ៍ពីកំណើននៃករណីគម្រោងវិនិយោគ ដែលមានលក្ខណៈបោកបញ្ឆោត និងដួលរលំ ក៏ដូចជាគម្រោងឆបោកផ្សេងៗទៀត។

នៅពេលវិនិយោគ ជាធម្មតាវិនិយោគិនមានទំនោរផ្តោតសំខាន់ លើការទទួលបានប្រាក់ចំណេញខ្ពស់ និងការយល់ដឹងផ្ទាល់ខ្លួន ដោយមិនផ្តោតលើកត្តាហានិភ័យដែលជាកត្តាដ៏សំខាន់សម្រាប់ថ្លឹងថ្លែងការវិនិយោគនោះឡើយ។

* ហានិភ័យសម្រាប់ការវិនិយោគអាចមានដូចខាងក្រោម ៖
- ហានិភ័យសមភាគី (Counterparty Risk)
- ហានិភ័យទីផ្សារ (Market Risk)
- ហានិភ័យរូបិយបណ្ណ (Currency Risk)
- ហានិភ័យសន្ទនីយភាព (Liquidity Risk)
- ហានិភ័យបទប្បញ្ញត្តិ (Regulatory Risk)
- ហានិភ័យជាក់លាក់ (Specific Risk)
- ហានិភ័យបរិស្ថាន (Environmental Risk)
- ហានិភ័យនៃការក្ស័យធន (Bankruptcy Risk)
- ហានិភ័យប្រតិបត្តិការ (Operational Risk)។

ផ្អែកលើទិន្នន័យកន្លងមកហានិភ័យ និងប្រាក់ចំនេញមានទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់។ ប្រាក់ចំណេញ ពីការវិនិយោគជាក់លាក់ណាមួយ កាន់តែខ្ពស់នឹងបង្កើនហានិភ័យកាន់តែខ្ពស់។

ជាទូទៅ ដើម្បីកាត់បន្ថយហានិភ័យ ការវិនិយោគគួរតែធ្វើឡើងនៅលើ ឬលើសពីបន្ទាត់ហានិភ័យ។ លើសពីនេះ វិនិយោគិនគួរជ្រើសរើសផលិតផលវិនិយោគដែលស្របច្បាប់។

* ផលិតផលវិនិយោគស្របច្បាប់ (ផលិតផលដែលមានការធ្វើនិយ័តកម្ម)

នៅពេលវិនិយោគ វិនិយោគិនគួរតែពិនិត្យមើលថាតើគម្រោងវិនិយោគមានការគ្រប់គ្រងត្រឹមត្រូវ, មិនមានការគ្រប់គ្រង ឬជាគម្រោងឆបោក។ ផលិតផលវិនិយោគស្ថិតក្រោមនិយ័តកម្ម ជាទូទៅស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយនិយ័តករក្នុងប្រទេសមួយ។ ការណ៍នេះធ្វើឱ្យផលិតផលវិនិយោគដែលស្ថិតក្រោមនិយ័តកម្ម ជាជម្រើសដែលមានសុវត្ថិភាព បើប្រៀបធៀបទៅនឹងផលិតផលវិនិយោគផ្សេងទៀត។

ជាទូទៅ ផលិតផលវិនិយោគដែលស្ថិតក្រោមនិយ័តកម្ម មានលក្ខណៈដូចជា៖
- ទទួលបានការអនុញ្ញាតពីនិយ័តករ,
- គ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាបណ្ណ,
- មានឯកសារផ្លូវច្បាប់ និងឯកសារផ្តល់ព័ត៌មានត្រឹមត្រូវ ហើយជាធម្មតាឯកសារទាំងនេះ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្ម ដែលទទួលបានការទទួលស្គាល់ពីនិយ័តករ។ ដូច្នេះហានិភ័យនៃគម្រោងវិនិយោគដែលស្ថិតក្រោមនិយ័តកម្ម ជាគម្រោងក្លែងបន្លំគឺស្ថិតនៅក្នុងកម្រិតទាបបំផុត។

* បច្ចុប្បន្នភាពនៃទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជា

ដោយសម្លឹងឃើញពីសក្តានុពល នៃទីផ្សារគម្រោងវិនិយោគរួម ចំពោះកំណើនសេដ្ឋកិច្ចជាតិ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់ឱ្យដំណើរការទីផ្សារនេះ តាមរយៈការដាក់ចេញនូវក្របខណ្ឌបទប្បញ្ញត្តិដើម្បីគ្រប់គ្រងទីផ្សារនេះ។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ន.ម.ក. បានដាក់ចេញនូវប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម” ដែលតាមរយៈប្រកាសនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនដែលចាប់អារម្មណ៍ ប្រកបអាជីវកម្មពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម អាចដាក់ពាក្យសុំអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ន.ម.ក. បានផ្ដល់អាជ្ញាបណ្ណ និងការអនុញ្ញាតដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ១៦ ក្រុមហ៊ុន, ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ចំនួន៨ ក្រុមហ៊ុន, ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងចំនួន ៤ ក្រុមហ៊ុន និងក្រុមហ៊ុនអភិបាលមូលនិធិចំនួន ៣ ក្រុមហ៊ុន។

បន្ថែមពីនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ន.ម.ក. ក៏បានដាក់ចេញនូវប្រកាសស្តីពី «ការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួម» ដើម្បីកំណត់ពីលក្ខខណ្ឌ, នីតិវិធីនៃការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម និងប្រតិបត្តិការរបស់មូលនិធិបន្ទាប់ពីការបោះផ្សាយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់, គណនេយ្យភាព និងតម្លាភាពនៅក្នុងទីផ្សារ សំដៅការពារភាគីពាក់ព័ន្ធដែលរួមមានវិនិយោគិននៅក្នុងទីផ្សារ។

* ផលិតផលវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម

ជាទូទៅ គម្រោងវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម គឺសំដៅដល់ក្រុមហ៊ុនដែលផ្តល់ប្រាក់ចំណេញខ្ពស់ ហើយត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិជាមូលដ្ឋាន (basic corporate regulations) តែប៉ុណ្ណោះ។ គម្រោងវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម និងគម្រោងវិនិយោគបោកប្រាស់ មានភាពពិបាកក្នុងការបែងចែក ភាពខុសគ្នា។

ជាធម្មតា គម្រោងវិនិយោគទាំងនេះមានលក្ខណៈដូចខាងក្រោម៖
- ការសន្យានៃប្រាក់ចំណេញខ្ពស់ខុសពីធម្មតា (ល្អហួសពីការពិតព្រោះអាចមានហានិភ័យខ្ពស់),
- ឯកសារមិនគ្រប់គ្រាន់ (លាក់បាំងហានិភ័យ និងការចំណាយ),
- គ្រប់គ្រងដោយក្រុមបុគ្គលតូចមួយ (ជាធម្មតាមានជីវៈប្រវត្តិបំផ្លើសព័ត៌មាន),
- គ្មានការផ្ទៀងផ្ទាត់ព័ត៌មានពីភាគីទីបីត្រឹមត្រូវ (មិនត្រូវបានធ្វើសវនកម្ម ការត្រួតពិនិត្យឯកសារធ្វើឡើងដោយក្រុមហ៊ុនតែមួយ)
- ចំណុចដ៏សំខាន់បំផុតនោះ គឺមិនមាននិយ័តករត្រួតពិនិត្យភាពស្របច្បាប់នៃគម្រោងវិនិយោគនោះទេ ។

* គម្រោងវិនិយោគបោកប្រាស់ ឬក្លែងបន្លំ

ថ្មីៗនេះ មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបានផ្ដល់ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖
- ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ប្រតិបត្តិការនេះមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ ហើយក្រុមហ៊ុននោះទទួលបន្ទុកទាំងការវិនិយោគ និងចេញមូលប្បទានប័ត្រទៅឱ្យវិនិយោគិន។ ក្រុមហ៊ុនដែលមិនស្ថិតក្រោមនិយ័តកម្ម ដែលមិនត្រូវបានត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ ឬភាគីទីបី អាចផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងការបំផ្លើសខ្ពស់។
- ករណីក្រុមហ៊ុន Empire Big Capital Limited និងសមាគមទីប្រឹក្សាវិនិយោគ នៅក្នុងឆ្នាំ២០១៧៖ គម្រោងនេះត្រូវបានដំណើរការដោយបុគ្គលមួយក្តាប់តូច ដែលធ្វើការសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ (១០% ក្នុងមួយខែ)។ ស្រដៀងគ្នាទៅនឹងករណីមុនដែរ គម្រោងនេះមិនមានការត្រួតពិនិត្យ និងផ្ទៀង-ផ្ទាត់ឡើយ ហើយក្រុមហ៊ុនបានរៀបចំអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។

- ក្នុងនោះ វាក៏មានរបាយការណ៍អំពីគម្រោងវិនិយោគដីធ្លីដែលបង្ករឱ្យមានកំហឹង ហើយត្រូវបានចោទប្រកាន់ជាគម្រោងឆបោកផងដែរ។ ប្រតិបត្តិករខ្លះត្រូវបានចាប់ខ្លួន, ចោទប្រកាន់ និងដាក់ទោសតាមផ្លូវច្បាប់។
គម្រោងវិនិយោគដីធ្លីបោកប្រាស់ទាំងនេះតែងតែសន្យាថានឹងផ្តល់ផលចំណេញខ្ពស់។ ការណ៍នេះបង្ហាញពីកង្វះនូវតម្លាភាពអំពីវិធីសាស្ត្រដែលមូលនិធិត្រូវបានវិនិយោគ ដោយរួមបញ្ចូលទាំងវឌ្ឍនភាព និងលំហូរសាច់ប្រាក់នៃគម្រោង។

វាពិតជាសំខាន់ ក្នុងការកត់សម្គាល់ពីភាពខុសគ្នារវាងគម្រោងវិនិយោគដែលស្របច្បាប់តែវិវឌ្ឍទៅជាស្ថានភាពមិនល្អ និងគម្រោងវិនិយោគបោកបញ្ឆោត។ គ្រប់ការវិនិយោគត្រូវហ៊ានទទួលយកហានិភ័យ ដើម្បីទទួលបានផលចំណេញ។
វាមានឧទាហរណ៍ជាច្រើននៃការវិនិយោគដែលស្របច្បាប់តែវិវឌ្ឍទៅជាស្ថានភាពមិនល្អ ដោយសារលក្ខ-ខណ្ឌទីផ្សារមិនល្អ និងហេតុផលផ្សេងទៀត។

ការបោកបញ្ឆោតកើតឡើង នៅពេលដែលសាច់ប្រាក់ ដែលប្រមូលបានពីវិនិយោគិន មិនត្រូវបានយកទៅវិនិយោគ នៅក្នុងគម្រោងណាមួយជាក់លាក់។ ផ្ទុយទៅវិញ ប្រាក់ចំណេញត្រូវបានប្រឌិតឡើង ដោយប្រើប្រាស់សាច់ប្រាក់ពីវិនិយោគិនថ្មីដើម្បីទូទាត់វិនិយោគិនចាស់។ គម្រោងទាំងនេះត្រូវបានគេស្គាល់ថាជាគម្រោង Ponzi។ រាល់ប្រតិបត្តិករបោកប្រាស់ទាំងនោះមិនទទួលបានការអនុញ្ញាត/ អាជ្ញាបណ្ណដោយនិយ័តករនោះឡើយ។

* ការសន្និដ្ឋាន
ដើម្បីស្វែងរកការវិនិយោគស្របច្បាប់ វិនិយោគិនគួរតែពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖
- តើក្រុមហ៊ុនគ្រប់គ្រងដោយអាជ្ញាធរពាក់ព័ន្ធដែរឬទេ?
- តើផលិតផលវិនិយោគទទួលបានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធដែរឬទេ?
- តើការវិនិយោគស័ក្តិសមទៅនឹងប្រាក់ចំណេញដែលបានសន្យាដែរឬទេ?
- តើគម្រោងវិនិយោគរួមមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីមេធាវី, សវនករ និងអ្នកជំនាញឯករាជ្យផ្សេងទៀតដែរឬទេ?

ជាចុងក្រោយ វិនិយោគិនត្រូវជឿជាក់លើសភាវគតិរបស់ខ្លួន។ ប្រសិនបើការវិនិយោគស្តាប់ទៅល្អហួសពីការពិត អ្នកគួរតែធ្វើការស៊ើបអង្កេត ហើយចោទជាសំណួរបន្ថែម។ ដើម្បីជ្រើសរើសការវិនិយោគស្របច្បាប់ណាមួយដែលស័ក្តិសមនឹងកម្រិតហានិភ័យរបស់អ្នក ការវិនិយោគនោះគួរតែអាចធ្វើពិពិធកម្មហានិភ័យរបស់អ្នកក ហើយក្នុងពេលតែមួយនោះផងដែរជួយអ្នកបង្កើនទ្រព្យសម្បត្តិជាបន្តបន្ទាប់៕