(ក្រុងឡុងដ៍)៖ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅទ្រឹងក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយសារការកើនឡើងអតិផរណា និងការដំឡើងអត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យផ្លូវការដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (ONS) កាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុបបានបង្ហាញកំណើនសេដ្ឋកិច្ចសូន្យភាគរយក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២៣។ អត្រានេះល្អជាងការរំពឹងទុករបស់ទីផ្សារដែលថានឹងធ្លាក់ចុះ ០,២ភាគរយ ប៉ុន្តែទាបជាងកំណើន ០,២ភាគរយដែលប្រទេសនេះសម្រេចបាននៅក្នុងត្រីមាសទីពីរ។

ទិន្នន័យនេះបានចេញផ្សាយមួយសប្តាហ៍បន្ទាប់ពីធនាគារកណ្តាលអង់គ្លេសបានរក្សាអត្រាការប្រាក់ ៥,២៥ភាគរយនៅដដែលពោលគឺជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ ដើម្បីដោះស្រាយអតិផរណាខ្ពស់ និងបានព្យាករថា សេដ្ឋកិច្ចនឹងមានកំណើនទាបនៅឆ្នាំក្រោយ។

ឆ្លើយតបទៅនឹងទិន្នន័យសេដ្ឋកិច្ចដែលបានចេញផ្សាយនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសលោក Jeremy Hunt បានព្រមានថា៖ «អតិផរណាខ្ពស់គឺជាឧបសគ្គដ៏ធំបំផុតតែមួយគត់ចំពោះកំណើនសេដ្ឋកិច្ច»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

លោក Hunt បានបន្ថែមថា សេចក្តីថ្លែងការណ៍អំពីថវិការបស់គាត់ដែលនឹងចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកានឹង «ផ្តោតលើរបៀបដែលយើងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនម្តងទៀត»

លោកស្រី Yael Selfin សេដ្ឋវិទូប្រចាំក្រុមហ៊ុន KPMG បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «បញ្ហានៅក្នុងសេដ្ឋកិច្ចចក្រភពអង់គ្លេសនៅតែបន្តកើតមាន»

លោកស្រីមានប្រសាសន៍ថា៖ «សកម្មភាពសេដ្ឋកិច្ចកំពុងបន្តធ្លាក់ចុះ ដោយសារអត្រាការប្រាក់ខ្ពស់កំពុងដាក់បន្ទុកលើអារម្មណ៍របស់អ្នកប្រើប្រាស់ និងប្រាក់សន្សំទុករបស់ពលរដ្ឋ»។ លោកស្រីបន្ថែមថា៖ «ខណៈពេលដែលប្រាក់ចំណូលពិត (ប្រាក់ចំណូលដកចេញអតិផរណា) បានចាប់ផ្តើមកើនឡើងខណៈពេលដែលអតិផរណាធ្លាក់ចុះ ការណ៍នេះកំពុងត្រូវបានប៉ះប៉ូវមកវិញដោយអត្រាប្រាក់កម្ចីទិញផ្ទះកាន់តែខ្ពស់ដែលកើតមានតាមរយៈការចំណាយទៅលើផ្ទះសម្បែង»