(បាងកក)៖ គណៈកម្មាធិការគោលនយោបាយស្រូវជាតិរបស់ប្រទេសថៃនៅថ្ងៃសុក្រទី១០ ខែវិច្ឆិកា បានអនុម័តវិធានការគាំទ្រស្រូវបន្ថែមដែលមានតម្លៃ ៥៦ពាន់លានបាត (ប្រហែល ១,៥៤ពាន់លានដុល្លារ) សម្រាប់រដូវដាំដុះឆ្នាំ២០២៣/២០២៤។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា វិធានការនេះមានគោលដៅគាំទ្រដល់ការអភិវឌ្ឍគុណភាពស្រូវដោយផ្តល់ជូនកសិករនូវទឹកប្រាក់ ១ពាន់បាតក្នុង ១រ៉ៃ ដែលផ្តល់ជូនមិនលើស ២០រ៉ៃក្នុង១គ្រួសារ ឬសរុបជាទឹកប្រាក់ចំនួន ២ម៉ឺនបាត ។ គម្រោងនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋថៃចំនួន ៤,៦៨លានគ្រួសារ។

លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ការចំណាយលើវិធានការគាំទ្រស្រូវនេះទំនងជាមិនប៉ះពាល់ដល់វិន័យសារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋទេ។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីបានអនុម័តវិធានការគាំទ្រស្រូវនានាដែលមានទឹកប្រាក់សរុប ៥៥ពាន់លានបាត រួមទាំងប្រាក់កម្ចីផងដែរ ដើម្បីផ្តល់ជូនកសិករឱ្យពន្យារពេលលក់ស្រូវដែលមានកម្រិតសំណើម ២៥% ក្នុងរយៈពេល ៥ខែ និងប្រាក់កម្ចីសម្រាប់ផ្តល់ជូនសហករណ៍កសិកម្មក្នុងការធ្វើអន្តរាគមន៍ក្នុងវិស័យកសិកម្មតាមរយៈការទិញស្រូវពីក្នុងទីផ្សាររហូតដល់តម្លៃមានភាពអំណោយផល។

ស្ថិតក្រោមវិធានការដែលឱ្យកសិករពន្យារការលក់ស្រូវរបស់ខ្លួនរយៈពេល ៥ខែ រដ្ឋាភិបាលថៃនឹងធ្វើអន្តរាគមន៍លើទីផ្សារដោយផ្តល់ជូនអ្នកចូលរួមអនុវត្តវិធានការនេះចំនួន ១២ ០០០បាតក្នុងមួយតោន និងបន្ថែម ១ ៥០០បាតក្នុងមួយតោនសម្រាប់ការស្តុកទុក។

គណៈកម្មាធិការគោលនយោបាយស្រូវជាតិបានឱ្យដឹងថា រដ្ឋាភិបាលថៃចង់ស្រូបយកស្រូវចំនួន ៣លានតោនស្ថិតក្រោមគម្រោងនេះ។

លោក Phumtham បាននិយាយថា វិធានការគាំទ្រស្រូវចុងក្រោយនេះ ទំនងជានឹងដាក់ជូនគណៈរដ្ឋមន្ត្រីសម្រាប់ការអនុម័តនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ ហើយកាលវិភាគបឋមសម្រាប់ការបញ្ចេញសាច់ប្រាក់នឹងធ្វើឡើងចាប់ពីខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ក្រសួងពាណិជ្ជកម្មថៃបានប៉ាន់ប្រមាណថា ទិន្នផលស្រូវសម្រាប់ឆ្នាំដាំដុះ២០២៣/២០២៤ មានចំនួន ៣២លានតោន ដោយទិន្នផលពីរដូវដាំដុះធំមានចំនួន ២៥,៦លានតោន ធ្លាក់ចុះ ៦% ធៀបនឹងឆ្នាំមុន ហើយទិន្នផលស្រូវបានមកពីការដាំដុះខុសរដូវសរុបមានចំនួន ៦,៧៨លានតោន ធ្លាក់ចុះ ១២%៕