(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកប្រឈមនឹងការបាត់បង់ចំណាត់ថ្នាក់ឥណទានកំពូលរបស់ខ្លួនកាលពីថ្ងៃសុក្រ ខណៈដែលក្រុមហ៊ុន Moody's Investors Service បានទម្លាក់ចក្ខុវិស័យចំណាត់ថ្នាក់ឥណទានទៅជា «អវិជ្ជមាន» ដោយសារឱនភាពថវិកាកាន់តែធំ និងភាពមិនចុះសម្រុងគ្នាផ្នែកនយោបាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody's បានទម្លាក់ចក្ខុវិស័យចំណាត់ថ្នាក់ឥណទានរបស់អាមេរិកពីស្ថិរភាពទៅជាអវិជ្ជមាន។ ក្រុមហ៊ុន Moody's នៅតែរក្សាចំណាត់ថ្នាក់ Aaa ដែលជាចំណាត់ថ្នាក់ឥណទានកម្រិតវិនិយោគខ្ពស់បំផុតរបស់ខ្លួនដដែលសម្រាប់អាមេរិក។

ក្រុមហ៊ុន Moody's បាននិយាយថា ក្នុងគ្រាដែលមានអត្រាការប្រាក់កាន់តែខ្ពស់ ដោយគ្មានវិធានការកាត់បន្ថយការចំណាយ ឬបង្កើនប្រាក់ចំណូល ឱនភាពសារពើពន្ធនឹងទំនងជា «នៅតែមានទំហំធំ ដែលធ្វើឱ្យលទ្ធភាពខ្ចីបំណុលធ្លាក់ចុះយ៉ាងខ្លាំង»។

លោក William Foster មន្ត្រីផ្នែកឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody's បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងបទសម្ភាសមួយថា៖ «អត្រាការប្រាក់បានផ្លាស់ប្តូរខ្លាំង និងកាន់តែខ្ពស់»។ លោកបានបន្ថែមថា៖ «នេះគឺជាបរិយាកាសថ្មីសម្រាប់អត្រាការប្រាក់។ ការរំពឹងទុករបស់យើងគឺថានឹងមានអត្រាខ្ពស់ជាងនេះ និងឱនភាពប្រហែល ៦% នៃផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ហើយអាចខ្ពស់ជាងនេះ ដែលមានន័យថា លទ្ធភាពខ្ចីប្រាក់នឹងបន្តដាក់សម្ពាធដល់សហរដ្ឋអាមេរិក»។

ក្រុមហ៊ុន Moody's គឺជាក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទានធំតែមួយគត់ក្នុងចំណោមក្រុមហ៊ុនធំៗចំនួនបី ដែលនៅតែរក្សាចំណាត់ថ្នាក់ឥណទានខ្ពស់បំផុតសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Fitch Ratings បានទម្លាក់ចំណាត់ថ្នាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងខែសីហាបន្ទាប់ពីសភាអាមេរិកមានជម្លោះករណីពិដានបំណុល។ ក្រុមហ៊ុន S&P Global Ratings បានដកសហរដ្ឋអាមេរិកចេញពីចំណាត់ថ្នាក់កំពូលរបស់ខ្លួនក្នុងឆ្នាំ២០១១ ក្នុងគ្រាដែលមានវិបត្តិកម្រិតបំណុលនៅឆ្នាំនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕