(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនបានបញ្ចូលប្រទេសវៀតណាមទៅក្នុង «បញ្ជីតាមដាន» គោលនយោបាយប្តូរប្រាក់បរទេសឡើងវិញ ខណៈពេលដែលប្រទេសមហាអំណាចនេះបានដកប្រទេសស្វីស និងកូរ៉េខាងត្បូងចេញពីបញ្ជីនេះ។ នេះបើយោងតាមកាសែត VN Express។

កាសែតរបស់វៀតណាមមួយនេះក៏បានរាយការណ៍ផងដែរថា ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួនដែលផ្ញើទៅកាន់សភា ក៏បានអំពាវនាវឱ្យប្រទេសចិនបង្ហាញតម្លាភាពកាន់តែខ្លាំងផងដែរ។

របាយការណ៍របស់ក្រសួងរតនាគារអាមេរិកមានកត់ត្រាប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើន និងធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេសដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម។

រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «អន្តរាគមន៍ប្តូរប្រាក់បរទេសភាគច្រើនដែលធ្វើឡើងដោយដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលគ្របដណ្ដប់ក្នុងរបាយការណ៍នេះស្ថិតនៅក្នុងទម្រង់នៃការលក់ចេញប្រាក់ដុល្លារ ដែលជាសកម្មភាពបម្រើដល់ការពង្រឹងរូបិយប័ណ្ណរបស់ពួកគេ»។

លោកស្រីបានបន្ថែមថា ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង «ភាពមិនប្រាកដប្រជាខ្ពស់ដែលមានការពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ការកើនឡើងអតិផរណាស្នូល និងភាពអាចកើតមានបញ្ហាកាន់តែខ្លាំងក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន»។

របាយការណ៍ចុងក្រោយរបស់ក្រសួងរតនាគារអាមេរិកបានដាក់បញ្ចូលប្រទេសចំនួន៦ ទៅក្នុង «បញ្ជីតាមដាន» ដៃគូពាណិជ្ជកម្មធំៗ ដែលបង្ហាញថា ប្រទេសទាំងនេះនឹងត្រូវទទួលរងការឃ្លាំងមើលយ៉ាងដិតដល់ទៅលើការអនុវត្តការប្តូររូបិយប័ណ្ណ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ពួកគេ។ ប្រទេសទាំងនេះរួមមាន ចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងវៀតណាម។

ប្រទេសទាំង៦ បានល្មើសបម្រាមកំណត់របស់អាមេរិកចំនួន២ ក្នុងចំណោម៣ ដែលបម្រាមទាំង៣ នេះរួមមាន អតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកលើសពី ១៥ពាន់លានដុល្លារ អតិរេកគណនីចរន្តសកលខ្ពស់ជាង ៣% នៃផលិតផលក្នុងស្រុកសរុប និងការទិញរូបិយប័ណ្ណបរទេសសុទ្ធលើសពី ២% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលមួយឆ្នាំ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រសួងរតនាគារបានឱ្យដឹងថា ប្រទេសវៀតណាមត្រូវបានដាក់បញចូលក្នុងបញ្ជីតាមដាននេះឡើងវិញ បន្ទាប់ពីអតិរេកគណនីចរន្តសកលរបស់ប្រទេសនេះបានកើនឡើងដល់ ៤,៧% នៃ ផ.ស.ស ក្នុងអំឡុងពេលពិនិត្យតាមដាននេះ៕