(ប៉េកាំង)៖ ទីប្រឹក្សាធនាគារកណ្តាលចិនបាននិយាយថា សញ្ញានៃការកើតមានបរិត្តផរណានៅប្រទេសចិនគឺគ្រាន់តែកើតមានបណ្តោះអាសន្នប៉ុណ្ណោះ បើទោះជាតម្លៃទំនិញប្រើប្រាស់ធ្លាក់ចុះកាន់តែខ្លាំងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Wang Yiming សមាជិកនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារប្រជាជនចិនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Caixin នៅទីក្រុងប៉េកាំងនៅថ្ងៃសុក្រថា៖ «ចំពោះបញ្ហាបរិត្តផរណា យើងអាចនិយាយបានថា ប្រទេសចិនកំពុងមើលឃើញសញ្ញាតិចតួច ហើយខ្ញុំគិតថា វាកើតមានបណ្តោះអាសន្នប៉ុណ្ណោះ»។ លោកបានបន្ថែមថា៖ «វាមិនទាន់កើតមានបរិត្តផរណានៅឡើយ»។

ការអត្ថាធិប្បាយនេះធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលក្នុងឆ្នាំនេះ ដើម្បីកាត់បន្ថយការភ័យខ្លាចអំពីការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់ជាលំដាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ និងប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះ ០,២% នៅខែតុលា ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានឡើងចុះៗនិងខិតជិតទៅរកបរិត្តផរណាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

លោក Wang បានចាត់ទុកការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់នៅប្រទេសចិនថាកើតមានឡើងជាចម្បងដោយសារកង្វះតម្រូវការបណ្តោះអាសន្ន។ លោកបាននិយាយថា ការផ្គត់ផ្គង់សាច់ប្រាក់របស់ធនាគារកណ្តាលនៅតែកើនឡើង មិនធ្លាក់ចុះឡើយ ដូចដែលអ្វីនឹងកើតមានក្នុងវដ្តបរិត្តផរណាធម្មតាដែរ។

បញ្ហាបរិត្តផរណាបានក្លាយជាប្រធានបទដ៏រសើបនៅក្នុងប្រទេសចិន នៅពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតជំងឺកូវីដបានបាត់បង់សន្ទុះនៅក្នុងត្រីមាសទីពីរ៕