(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA ដើម្បីពិភាក្សាពីនវានុវត្តន៍ នៃការទូទាត់ឌីជីថលនៅកម្ពុជា និងក្នុងតំបន់ ជាពិសេសពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីផ្ដល់ភាពងាយស្រួល ទូទាត់ប្រាក់ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សំដៅលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA រៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA​ រៀបចំឡើង ក្នុងគោលបំណងពិភាក្សា ពីនវានុវត្តន៍នៃការទូទាត់ជាឌីជីថលនៅកម្ពុជា និងក្នុងតំបន់ ជាពិសេសកិច្ចសហការអភិវឌ្ឍ ការពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ឱ្យបានកាន់តែទូលំទូលាយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅរួមចំណែកគាំទ្រគោលដៅរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងអំពីវឌ្ឍនភាព នៃការទូទាត់ជាប្រាក់រៀល ដោយក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ VISA នៅប្រទេសកម្ពុជា ការដាក់ចេញគោលការណ៍សុវត្ថិភាព ដើម្បីគ្រប់គ្រងប្រតិបត្តិការទូទាត់ឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកស្រីបណ្ឌិត ជា សិរី បានកោតសរសើរ និងលើកទឹកចិត្តក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ VISA ឱ្យចូលរួមសហការជំរុញការអភិវឌ្ឍពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីអាចដាក់ឱ្យដំណើរការបានឆាប់រហ័ស បន្តអនុវត្តការលើកកម្ពស់ការទូទាត់ជាប្រាក់រៀល រៀបចំជាកម្មវិធីសិក្សាផ្សេងៗ ដើម្បីពង្រីកចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថល និងបន្តពង្រឹងសុវត្ថិភាពប្រតិបត្តិការទូទាត់ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជន លើការទូទាត់ជាឌីជីថល៕