(តៃប៉ិ)៖ កោះតៃវ៉ាន់ និងចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មថ្មីមួយដែលទីក្រុងតៃប៉ិសង្ឃឹមថានឹងជួយជំរុញដៃកោះនេះបន្ថែមទៀតឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋអឺរ៉ុបផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កោះតៃវ៉ាន់ចាត់ទុកចក្រភពអង់គ្លេសជាដៃគូប្រជាធិបតេយ្យដ៏សំខាន់មួយ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។

ដោយសារតែភាពឯកោខាងការទូត និងសម្ពាធពីប្រទេសចិន កោះតៃវ៉ាន់ដែលមហាអំណាចខាងផលិតបន្ទះឈីបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេសជាផ្លូវការតិចតួចប៉ុណ្ណោះ ទោះបីជាកោះនេះជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសិង្ហបុរី និងណូវែលសេឡង់ក៏ដោយ។

លោក John Deng អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់តៃវ៉ាន់បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ និងអង់គ្លេសបំពេញឱ្យគ្នាទៅវិញទៅមក ហើយកិច្ចព្រមព្រៀងនេះនឹង «ពង្រឹងទំនុកចិត្តរបស់ប្រទេសផ្សេងៗក្នុងពិភពលោកឱ្យមានទំនក់ទំនងជាមួយយើង»។

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធ្វើជាគំរូសម្រាប់បណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេជាមួយតៃវ៉ាន់។

កោះតៃវ៉ាន់បានជំរុញជាយូរមកហើយឱ្យសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយខ្លួន។ តៃវ៉ាន់ក៏បានដាក់ពាក្យសុំចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬ CPTPP ដែលមានសមាជិកចំនួន ១១ប្រទេសផងដែរ ហើយចក្រភពអង់គ្លេសបានចុះហត្ថលេខាជាផ្លូវការនៅក្នុងខែកក្កដាដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។

លោក Deng បានមានប្រសាសន៍ថា៖ «ដោយសារឋានៈរបស់អង់គ្លេសជាសមាជិកថ្មីបំផុតរបស់ CPTPP ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចក្រភពអង់គ្លេសក៏ជាកត្តាសំខាន់សម្រាប់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះរបស់កោះតៃវ៉ាន់ផងដែរ»

យោងតាមរដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់ និងអង់គ្លេសមានទំហំសរុប ៨,៦ពាន់លានផោន (១០,៥៦ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕