(ប៉េកាំង)៖ ទេសាភិបាលធនាគារកណ្តាលចិនបានឱ្យដឹងនៅថ្ងៃពុធថា ចិនរំពឹងថានឹងសម្រេចបានទិសដៅកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ខ្លួននៅឆ្នាំនេះ ហើយប្រទេសមហាអំណាចមួយនេះត្រូវតែផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ចដើម្បីបន្តសម្រេចបានកំណើនប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព។

លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ការងារព័ត៌មានរ៉យទ័រខណៈបានឱ្យដឹងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាលថា សន្ទុះកំណើនសេដ្ឋកិច្ចមានភាពប្រសើរឡើងនាពេលថ្មីៗនេះ ដោយផលិតកម្ម និងការប្រើប្រាស់បានស្ទុះងើបឡើងវិញជាលំដាប់ ហើយអត្រាការងារធ្វើនិងតម្លៃទំនិញប្រើប្រាស់នៅតែមានស្ថិរភាព។

ទីក្រុងប៉េកាំងបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយសម្រាប់ឆ្នាំ២០២៣នេះ។

លោក Pan បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសរបស់យើងត្រូវការអត្រាកំណើនសមរម្យ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងត្រូវសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ លោកបានបន្ថែមថា៖ «ការផ្លាស់ប្តូរម៉ូដែលកំណើនសេដ្ឋកិច្ចមានសារៈសំខាន់ជាងការស្វែងរកការសម្រេចបានអត្រាកំណើនខ្ពស់»

លោក Pan បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា ធនាគារកណ្តាលចិននឹងរក្សាកំណើនឥណទានសមស្រប រក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និង «ដំណើរការធនធានហិរញ្ញវត្ថុដែលត្រូវបានកាន់កាប់ដោយមិនមានប្រសិទ្ធភាព និងធ្វើឱ្យប្រសិទ្ធភាពនូវការប្រើប្រាស់មូលនិធិ»

មេដឹកនាំចិនបានសន្យាថានឹងបែងចែកធនធានហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីគាំទ្រដល់ការច្នៃប្រឌិតបច្ចេកវិទ្យា ផលិតកម្មទំនើប និងការអភិវឌ្ឍន៍បៃតង។ នេះបើយោងតាមទីភ្នាក់ងងារព័ត៌មានរ៉យទ័រ៕