(ប៉េកាំង)៖ តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលទីផ្សារមិនអើពើនឹងទិន្នន័យអតិផរណានៅក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានឡើងថ្លៃ ៦២សេន ឬ ០,៨ភាគរយដល់ ៨០,១៦ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅប្រភេទ WTI របស់អាមេរិកបានកើនឡើង ៦១សេន ឬ ០,៨ភាគរយដោយជួញដូរក្នុងតម្លៃ ៧៥,៩៤ដុល្លារក្នុងមួយបារ៉ែល។

ការឡើងថ្លៃនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រេងទាំងពីប្រភេទបានធ្លាក់ចុះច្រើនជាង ២ភាគរយពោលគឺធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ខណៈដែលការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់នៅក្នុងតំបន់មជ្ឈិមបូព៌ាបានធូរស្រាល ហើយការព្រួយបារម្ភអំពីតម្រូវការរបស់សហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យអតិផរណារបស់ប្រទេសចិនដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំខែតុលាបានធ្លាក់ចុះ ០,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីដើមសប្តាហ៍នេះ ទិន្នន័យគយចិនបានបង្ហាញថា ការនាំចេញទំនិញនិងសេវាកម្មសរុបរបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុក ទោះបីជាការនាំចូលប្រេងឆៅរបស់ប្រទេសអំណាចសេដ្ឋកិច្ចមួយនេះក្នុងខែតុលាមានភាពរឹងមាំក៏ដោយ។

ទេសាភិបាលធនាគារកណ្តាលចិន លោក Pan Gongsheng បាននិយាយថា ប្រទេសចិនរំពឹងថានឹងសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនចំនួន ៥ភាគរយសម្រាប់ឆ្នាំនេះ ដែលជាសញ្ញាមួយជួយជំរុញតម្រូវការប្រេង។

សម្រាប់សហរដ្ឋអាមេរិកវិញ ទិន្នន័យស្តុកប្រេងអាចបង្ហាញពីការធ្លាក់ចុះនៃតម្រូវការ។ ដោយដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ១១,៩លានបារ៉ែលក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា៕