(ភ្នំពេញ)៖ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩ ៩២៤ តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ៖

* ប្រទេសចិន និងហុងកុង បានចំនួន ១៧៧២៨៥ តោន ដែលគិតជាទឹកប្រាក់បានចំនួន១១៥.៣០លាន ដុល្លារសហរដ្ឋអាមេរិក
* ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារសហរដ្ឋអាមេរិក
* និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ ចំនួន២៥ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៧៩% អង្ករស ចំនួនជិត ១៣.៣០% អង្ករចំហ៊ុយចំនួន ៣.២៤% អង្ករសរីរាង្គចំនួន ១.៦៥% និង អង្ករសគ្រាប់ខ្លីចំនួន ០.០១%។

សម្រាប់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីរួចហើយ។

សហព័ន្ធស្រូវអង្ករបញ្ជាល់ទៀតថា នៅរយៈពេល១០ខែមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៤៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៦០% បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕