(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការអាកាសចរស៊ីវិលបានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនពីចន្លោះ ២៦០០នាក់ ទៅ៣២០០នាក់ ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ភ្ញៀវជាមធ្យមកើនពីចន្លោះ ២៦០០នាក់ ទៅ៣២០០នាក់ ក្នុងមួយថ្ងៃ ដែលក្នុងនោះភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ហើយភ្ញៀវចម្រុះជាតិសាសន៍អាស៊ាន៧៥% អឺរ៉ុប ២៥%។

លោក ស៉ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងកើនដល់៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស) នៅរដូវកាល Winter 2023នេះ។ បច្ចុប្បន្នមានក្រុមហ៊ុនហោះហើរចំនួន៧ ហើយនឹងមានកើនឡើងដល់ ៩ ទៅ១០ក្រុមហ៊ុន នៅសប្តាហ៍បន្តបន្ទាប់ៗខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ «វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ»

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ៕