(ភ្នំពេញ)៖ នាពេលកន្លងទៅ ពោលគឺចាប់ពីដើមខែមេសា កសិដ្ឋានចិញ្ចឹមត្រីប្រមាណ៦០% ឬប្រមាណជាង៤០០កសិដ្ឋាន ដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានផ្អាកការចិញ្ចឹមត្រីបែបពាណិជ្ជកម្ម បន្ទាប់ពីពួកគេរងការខាតបង់ ក្រោយការប្រមូលផលរួច ដោយសារតែចំណីត្រីឡើងថ្លៃ ប៉ុន្តែត្រីលក់បានតម្លៃថោក។

ប៉ុន្តែបច្ចុប្បន្ននេះការចិញ្ចឹមត្រី បានចាប់ផ្តើមមានសន្ទុះឡើងវិញ ស្របពេលតម្លៃត្រី និងតម្រូវការត្រីកើនឡើង ដែលអាចធ្វើជួយឱ្យពួកគាត់ទទួលបានប្រាក់ចំណេញពីរបរមួយនេះ។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីដើមខែមេសា បន្ទាប់ពីប្រមូលផលត្រីរួច កសិដ្ឋានចិញ្ចឹមត្រីដែលមានប្រមាណពី ៥៥%ទៅ ៦០% នៃសមាជិករបស់សមាគម ឬប្រមាណជាង៤០០កសិដ្ឋាន បានផ្អាកការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបណ្តោះអាសន្នសិន ដោយងាកមកចិញ្ចឹមបែបលក្ខណៈគ្រួសារ ឬបែបសាមញ្ញវិញ ដោយសារតែអ្នកខ្លះរងការខាតបង់ ហើយអ្នកខ្លះទៀតចំណេញតិចតួចប៉ុណ្ណោះ។ ប៉ុន្តែមកដល់ខែកក្កដា សីហា កញ្ញា និងតុលា តម្លៃត្រីគ្រប់ប្រភេទបានកើនឡើង គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញ។ ហេតុនេះជិតពាក់កណ្តាលនៃកសិករដែលបានផ្អាកការចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម ឬមានចំនួនប្រមាណជាង ១០០កសិដ្ឋាន បានចាប់ផ្តើមទិញកូនត្រីមកដាក់ចិញ្ចឹមលក្ខណៈពាណិជ្ជកម្មឡើងវិញ។

លោកបានពន្យល់ថា ការចិញ្ចឹមបែបលក្ខណៈពាណិជ្ជកម្ម គឺជាការចិញ្ចឹមត្រីតែមួយប្រភេទនៅក្នុងស្រះ ហើយជ្រើសរើសកូនត្រីដែលល្អ និងមានការជ្រើសរើសចំណីល្អសម្រាប់បំប៉នកូនត្រី។ ខុសពីការចិញ្ចឹមបែបលក្ខណៈគ្រួសារ ដោយកសិករចិញ្ចឹមត្រីចម្រុះ នៅក្នុងស្រះតាមបែបធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសល់បន្តិចបន្តួចសម្រាប់លក់ នៅលើទីផ្សារប៉ុណ្ណោះ។

លោកថា ការងាកមកចិញ្ចឹមលក្ខណៈពាណិជ្ជកម្មនេះ នឹងធ្វើឱ្យនៅចុងឆ្នាំនេះ ការផ្គត់ផ្គង់ត្រីនៅកម្ពុជា នឹងមិនប្រឈម នឹងការខ្វះខាតនោះទេ ដោយមានទាំងត្រីចិញ្ចឹម និងត្រីធម្មជាតិ ខណៈបច្ចុប្បន្នកសិករកំពុងបំប៉នត្រី ដែលចាប់ពីខែវិច្ឆិកានេះ នឹងចាប់ផ្តើមប្រមូលផលបញ្ចេញលក់បណ្តើរៗហើយ។

លោកសង្ឃឹមថា ត្រីនឹងមានគ្រប់គ្រាន់នៅចុងឆ្នាំនេះ ហើយតម្រូវការត្រីនឹងកើនឡើងចាប់ពីខែវិច្ឆិកាទៅ ព្រោះចាប់ពីខែវិច្ឆិកា គឺជារដូវប្រាំង ជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរ តែងតែរៀបចំពិធីបុណ្យផ្សេងៗ និងរៀបអាពាហ៍ពិពាហ៍ជាដើម។

លោកបន្ថែមថា «យើងសង្ឃឹមថា ចាប់ពីខែ១១នេះទៅត្រីប្រភេទមួយចំនួនអាចនឹងកើនឡើង ដោយសារមានតម្រូវការ បុណ្យទានដែលគេត្រូវការត្រី។ ដោយឡែកការរៀបអាពាហ៍ពិពាហ៍វិញ គេមិនយកត្រីដែលយើងចិញ្ចឹមទេ គេយកត្រីសុងហឺ ឬត្រីផ្សេង ប៉ុន្តែមួយចំនួនគេចាប់ផ្តើមប្រើប្រាស់ត្រីទីឡាប់យ៉ាដែរ ដែលមានទម្ងន់ចាប់ពីជាង ១គីឡូ។ ហេតុនេះហើយ តម្រូវការត្រីប្រភេទនេះក៏អាចនឹងកើនផងដែរ»

ត្រីដែលវារីវប្បករកម្ពុជាភាគច្រើនចិញ្ចឹម មានដូចជា ត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិន ត្រីពោ ត្រីទីឡាបព្យាជាដើម។

ថ្លែងប្រាប់បណ្តាញព័តមាន Fresh News នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ពេញ ពៃ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានកត់សម្គាល់ឃើញថាទីផ្សារត្រីនៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះល្អជាងមុន ពោលគឺមានតម្រូវការច្រើនជាងមុន រហូតដល់អ្នកចិញ្ចឹមខ្លះចាប់ត្រីតូច ដែលមិនទាន់គ្រប់អាយុប្រមូលមកលក់ថែមទៀតផង ដោយសារតែនៅលើទីផ្សារគ្មានត្រីលក់។ តម្រូវការត្រីកើនឡើងនេះ បាននាំឱ្យតម្លៃត្រីកើនឡើង ដោយកើនឡើងប្រមាណ ២០ភាគរយ ដែលធ្វើឱ្យកសិករទទួលបានផលចំណេញ។

លោកបន្តថា «តម្លៃឆ្នាំនេះល្អ ដោយសារកាលពីឆ្នាំមុនគេចិញ្ចឹមច្រើន ហើយមិនសូវមានអ្នកហូបត្រី តែឆ្នាំនេះសង្កេតឃើញមានអ្នកហូបត្រីច្រើន ខណៈអ្នកចិញ្ចឹមភាគច្រើនបានបោះបង់ការចិញ្ចឹមចោលចាប់តាំងពីកូវីដមក ហើយនៅសល់តិចតួចដែលគាត់មិនចិញ្ចឹមត្រីប្រា អញ្ចឹងហើយបានជាឆ្នាំនេះបានថ្លៃ»

ដោយឡែកការលក់កូនត្រីវិញ ក៏កើនឡើងផងដែរ ដោយភាគច្រើនមានការបញ្ជាទិញកូនត្រីប្រា និងអណ្តែងទន់។ តែយ៉ាងណាតម្លៃកូនត្រីនៅរក្សាដដែល។

លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោកកំពុងពង្រីកស្រះបន្ថែមទៀត ដើម្បីចិញ្ចឹមត្រី និងបង្កាត់កូនត្រីលក់ជាលក្ខណៈពាណិជ្ជកម្មវិញ។

លោករំពឹងថា បន្ទាប់ពីកសិដ្ឋានរបស់លោកពង្រីកការបង្កាត់កូនត្រីបានកាន់តែច្រើន តម្លៃកូនត្រីនឹងកាន់តែចុះថោកជាងបច្ចុប្បន្ន ដើម្បីឱ្យអ្នកទិញយកទៅចិញ្ចឹមទទួលបានផលចំណេញ។

ជាមួយគ្នានេះ លោកសំណូមពរឱ្យអ្នកប្រើប្រាស់ក្នុងស្រុក ទទូលទានត្រីចិញ្ចឹមក្នុងស្រុក ដើម្បីជួយដល់អ្នកចិញ្ចឹម ខណៈត្រីចិញ្ចឹមក្នុងស្រុកក៏មានគុណភាពល្អជាងត្រីនាំចូលផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ត្រីរ៉ស់មានតម្លៃចន្លោះពី៧៥០០រៀល ទៅ៨០០០រៀល, ត្រីអណ្តែងរឹងមានតម្លៃពី ៤៥០០រៀល ទៅ៥០០០រៀល,ត្រីទីឡាបព្យាក្រហម តម្លៃចាប់ពី ៨០០០រៀល ទៅ៩០០០រៀល ,ត្រីឆ្ពិនមានតម្លៃចន្លោះពី៦០០០រៀលទៅ១០០០០រៀល, ត្រីពោ មានតម្លៃចន្លោះពី៥៥០០រៀលទៅ៧០០០រៀល, ត្រីប្រា ៤៩០០រៀលទៅ៥៥០០រៀល, ត្រីឆ្តោរ ១១០០រៀលទៅ១២៨០០រៀល និងត្រីក្រាញ់ ចន្លោះពី៥៥០០រៀលទៅ៧២០០រៀល។

លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា បើធៀបនឹងកាលពីខែមេសា តម្លៃត្រីនីមួយៗបានកើនឡើងចន្លោះពីមួយពាន់ទៅ២ពាន់រៀល ដែលជាតម្លៃខ្ពស់មួយ ឱ្យកសិករទទួលបានផលចំណេញ។

សូមជម្រាបផងដែរថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា មានសមាជិកអ្នកចិញ្ចឹមត្រីចំនួន៧០០កសិកដ្ឋាន មាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបងជាដើម៕