(ម៉ាឡេស៊ី)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយ HUMAN RESOUCE DEVELOPMENT CORPORATION (HRD Corp.) នៃប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ក្នុងកម្មវិធីសន្និបាត និងពិព័រណ៍ធនធានមនុស្សថ្នាក់ជាតិរបស់ម៉ាឡេស៊ីដែលជាកម្មវិធីធំជាងគេនៅអាស៊ាន។

MoU នេះ គឺជាជំហានដំបូង ក៏ដូចជាការបើកផ្លូវរបស់ស្ថាប័នទាំងពីរក្នុងការបញ្ជូនបុគ្គលិកទៅវិញទៅមកជាពិសេសបុគ្គលិក SDF ដើម្បីរៀនសូត្រពីបទពិសោធន៍ដែល HRD Corp បានអនុវត្តជាង៣០ឆ្នាំមកនេះ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលឲ្យត្រូវនឹងសេដ្ឋកិច្ចសង្គម។

MOU ត្រូវបានចុះហត្ថលេខាដោយ លោក YBhg. Datuk Wira Shahul Dawood, នាយកប្រតិបត្តិ នៃ HRD Corp និងលោក គី សុខគីម នាយកប្រតិបត្តិ នៃ SDF ក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរវាង SDF និងHRD Corp ក្នុងការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម, ការលើកកម្ពស់កម្រិតជំនាញ និងភាពប្រកួតប្រជែង របស់កំលាំងពលកម្មកម្ពុជា និងម៉ាឡេស៊ី, ការពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលិកតាមរយៈ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពបុគ្គលិករបស់ SDF និង HRD Corp និងការសហការ រៀប ចំកម្មវិធីថ្មីៗអោយត្រូវនឹងតម្រូវការនៃការអភិវឌ្ឍជំនាញដល់មូលធនមនុស្សរបស់កម្ពុជា៕