(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវសែនក្រអូប ដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ នៅប្រទេសចិន។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងដូច្នេះថា «ក្នុងឱកាសដែលអង្ករសែនក្រអូបរបស់កម្ពុជា ទទួលបានពានរង្វាន់មាស ពីប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ ក្នុងការចូលរួមដាំដុះប្រភេទស្រូវសែនក្រអូប និងផ្ការំដួលដែលជាប្រភេទអង្ករ មានចំណាត់ថ្នាក់ល្អទាំងពីរ ដែលទទួលបានការឈ្នះពានជាបន្តបន្ទាប់ ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ បន្តដាំដុះប្រភេទស្រូវនេះបន្តទៀត»

សូមជម្រាបថា អង្ករម៉ាក សមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូប ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។

កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung Autonomous Region Seed Management Station ad Rice Research Institute of Guangxi Academy of Agricultural Science) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់ក្នុងឆ្នាំ២០២២ អង្ករផ្ការំដួលរបស់កម្ពុជា ក៏បានឈ្នះពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ» ក្នុងវេទិកាស្រូវ-អង្ករពិភពលោក នៅប្រទេសថៃផងដែរ។

អង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុត ក្នុងពិភពលោកចំនួន៥លើក ដោយឈ្នះ ៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤, ឆ្នាំ ២០១៨ និងឆ្នាំ២០២២៕