(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៥២៩,៩២៤តោន ទៅកាន់គោលដៅមួយចំនួន ក្នុងនោះទីផ្សារថ្មីមានចំនួន១ គឺទីផ្សារឥណ្ឌូណេសុី ដែលបាននាំចេញជាលើកដំបូងក្នុងបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន១០,០០០តោន។

ការនាំចេញទៅកាន់ទីផ្សារឥណ្ឌូណេសុីក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តឡើងដោយក្រុមហ៊ុន ហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដែលមានការសហការណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា។

កិច្ចដំណើរការនៃការនាំចេញទៅកាន់ទីផ្សារឥណ្ឌូណេសុីនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានាជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ។ សម្តេចតែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជាឱ្យបានកាន់តែច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំងប្រធានាធិបតីប្រទេសឥណ្ឌូណេសុី ដែលសម្តេចធិបតីបានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេសុី ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។

ស្ថិតក្រោមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្គ្រីនត្រេដ ជាសេនាធិការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំការធ្វើប្រជុំពិភាក្សារជាមួយក្រុមហ៊ុនរដ្ឋ Bulog ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីររហូតឈានដល់ការចុះកិច្ចសន្យារទិញ លក់ និងបានធ្វើការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងអង្ករកម្ពុជាបរិមាណចំនួន៣,៥០០តោនបានទៅដល់ប្រទេសឥណ្ឌូណេសុី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានរៀបចំធ្វើពិធីទទួលជាផ្លូវការផងដែរ កម្ពុជាក៏នឹងបន្តនាំចេញជាបន្តបន្ទាប់ ដែលនឹងបញ្ចប់នៅថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

 នៅក្នុងកម្មវិធីប្រគល់អង្ករនេះដែរ ភាគីឥណ្ឌូណេសុីបានពិនិត្យ និងសរសើរដល់គុណភាពអង្ករសគ្រាប់វែងរបស់កម្ពុជាថាមានគុណភាពល្អ ព្រមទាំងសន្យាថានឹងបន្តការគាំទ្រដល់កម្ពុជាបន្តទៀត។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំបំពេញការងារ ដែលឈានទៅរកការបើកច្រកទីផ្សារអង្ករទៅកាន់ប្រទេសឥណ្ឌូណេសុីនេះ និងស្នើឱ្យបន្តសកម្មភាពនេះសម្រាប់ទីផ្សារផ្សេងទៀត។

លោកស្រីរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រកួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញតាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល៥ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។ សម្រាប់ក្រសួងពាណិជ្ជកម្មបានខិតខំជំរុញ និងបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម។

លោកស្រីរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការរីកចម្រើនលើការពង្រីកទីផ្សារ ជាពិសេសជាមួយប្រទេសចិន ដែលក្រសួងពាណិជ្ជកម្មកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណកើនឡើង ២០% បន្ថែមទៀត សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។  

លោកស្រីរដ្ឋមន្ត្រីបានបង្ហាញអំពីគោលជំហរគាំទ្រដល់ផែនការនៃការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូណេសុីឱ្យបានយ៉ាងតិច១០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ ដោយលោកស្រីបានផ្តល់អនុសាសន៍បន្ថែម រួមមាន៖

* ក្រុមហ៊ុន ហ្រ្គីនត្រេដ រួមគ្នាជាមួយសហព័ន្ធស្រូបអង្ករកម្ពុជា និងអ្នកនាំចេញទាំងអស់ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូលឥណ្ឌូណេសុី លើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជានៅទីផ្សារប្រទេស ដើម្បីជំរុញនិងបង្កើនតម្រូវការ ការកែប្រែឥរិយាបទអតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន។

* ស្នើសុំភាគីឥណ្ឌូណេសុីជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចអ្នកនាំចូលអង្ករនៅក្នុងឱ្យមកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ព្រោះថាអង្ករកម្ពុជាមានរសជាតិឆ្ងាញ់ជាអង្ករដែលឈ្នះពានរង្វាន់ពិភពលោកចំនួន៥ដង ហើយដែលទើបតែទទួលបានមេដាយមាសចំពោះប្រភេទអង្ករសែនក្រអូប ដែលបានធ្វើឡើងនៅប្រទេសចិនថ្មីៗនេះ។

* ក្រសួងពាណិជ្ជកម្មគ្រប់នាយកដ្ឋាន កុងស៊ុល អនុព័ន្ធពាណិជ្ជកម្មទាំងអស់ ត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រសម្រួលកិច្ចពាណិជ្ជកម្ម និងការផ្សព្វផ្សាយដើម្បីឱ្យទីផ្សារអង្ករកម្ពុជាកាន់តែរីកធំឡើង៕