(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាស និងបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើ ដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីអចលនទ្រព្យ សម្រាប់គោលដៅពន្ធទាំងពីរប្រភេទនេះ ឱ្យអស់សក្តានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ប្រាក់ពន្ធ ឬបង់ប្រាក់ពន្ធខ្វះ ឬបង់ប្រាក់ពន្ធយឺត បង់តែប្រាក់ពន្ធប៉ុណ្ណោះ ដោយទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។

តាមរយៈសេចក្តីជូនដំណឹងលេខ ៣៤៧២៥ អពដ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានបញ្ជាក់ផងដែរថា ដើម្បីទទួលបានលក្ខខណ្ឌ លើកលែងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវរួសរាន់មកចុះបញ្ជី ធ្វើបច្ចុប្បន្នភាព ប្រកាស និងបង់ប្រាក់ពន្ធឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ជាកំណត់។

ចាប់ពីឆ្នាំ២០២៤តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ នៅតែមិនទាន់បានបំពេញកាតព្វកិច្ចពន្ធទាំងពីរប្រភេទនេះទៀត អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះពុំមានអនុភាពប្រតិសកម្ម ចំពោះទណ្ឌកម្មរដ្ឋបាល
(ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យ អាចមកស្នើសុំចុះបញ្ជីនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗមួយចំនួនដូចជា៖

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)

* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)
* ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្តោយ)
* រូបថតអចលនទ្រព្យ
* បំពេញទម្រង់ Form PT01
* វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
* ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបពា្ជក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

ក្នុងករណីមូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល ឬអចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួល ប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យ ត្រូវផ្ដល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មាន អចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ៕