(សិង្ហបុរី)៖ របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃពុធថា សេដ្ឋកិច្ចឌីជីថល ឬហៅថាសេដ្ឋកិច្ចអ៊ីនធឺណិតរបស់តំបន់អាស៊ីអាគ្នេយ៍រំពឹងថា នឹងកើនឡើង ១១ ភាគរយក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ដែលទាបកំណើន ២០ភាគរយកាលពីឆ្នាំមុន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ របាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយរួមគ្នា ដោយក្រុមហ៊ុន Google និងក្រុមហ៊ុនសិង្ហបុរី Temasek Holdings និងក្រុមហ៊ុនផ្តល់ប្រឹក្សាពាណិជ្ជកម្មពិភពលោក Bain & Company ក៏បានរាយការណ៍ផងដែរថា សេដ្ឋកិច្ចអ៊ីនធឺណិតក្នុងតំបន់ត្រូវបានគេមើលឃើញថាមានតម្លៃ ២៩៥ដុល្លារ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះពីចំនួន ៣៣០ពាន់លានដុល្លារដែលបានព្យាករកន្លងមក។

ក្រុមហ៊ុនទាំងបីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា «វិស័យសេដ្ឋកិច្ចឌីជីថលកំពុងបង្ហាញពីគន្លងកំណើនវិជ្ជមាន ដោយវិស័យធ្វើដំណើរ និងដឹកជញ្ជូនស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើនខ្ពស់ជាងកម្រិតមុនពេលមានជំងឺរាតត្បាតនៅឆ្នាំ២០២៤»

តំបន់ដែលមានប្រទេសចំនួន១១ និងមានប្រជាជនជាងកន្លះពាន់លាននាក់ សម្បូរដោយប្រជាជនវ័យក្មេង មានការប្រើប្រាស់ស្មាតហ្វូនទូលំទូលាយ និងការកើនឡើងនៃវណ្ណៈកណ្តាល ដែលធ្វើឱ្យតំបន់ក្លាយជាទីផ្សារអ៊ីនធឺណេតដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក៕