(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុប «លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា សម្រាប់ឆ្នាំ ២០២៣ និង ២០២៤» ដោយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Davide Furcer ប្រធានក្រុមបេសកកម្ម ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក Jochen M. Schmitmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, វៀតណាម និងឡាវ ផងដែរ ។

លោក Davide Furcer ប្រធានក្រុមបេសកកម្ម បានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃរបស់ IMF មកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាថាមាន «កំណើនប្រមាណ ៥.៣% ក្នុងឆ្នាំ២០២៣» នេះ ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្សំនឹងកំណើនប្រសើររឹងមាំនៃការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បើទោះបីជាការនាំចេញផលិតផលកាត់ដេរ មានភាពថមថយ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យនៅមានកំណើនយឺតក៏ដោយ ។

អត្រាអតិផរណាត្រូវបានវាយតម្លៃថានឹងថមថយក្នុងអត្រា ២.៣% ជាមធ្យមសម្រាប់ឆ្នាំ ២០២៣, ហើយនឹងវិលទៅរកនិន្នាការរយៈពេលវែងវិញ ក្នុងអត្រា ៣% ក្នុងឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្តនៃកត្តាតម្លៃទំនិញ។ ចំណែកឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរួមតូចមកត្រឹម -២.១% នៃកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ដោយសារការថយចុះនូវការនាំចូលមាស ការងើបឡើងវិញនៃរំហូរទេសចរណ៍ និង កំណើនរឹងមាំនៃការនាំចេញផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរ ។

បើទោះបីជាសម្ទុះនៃកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៣ នៅល្អក្ដី, ហានិភ័យចម្បងមួយចំនួនក៏មាននឹងអាចជះឥទ្ធិផលដល់កំណើននេះ ដែលរួមមានដូចជា៖ ១. ភាពកាន់តែថមថយនូវតម្រូវការ ពីដៃគូពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍, ២. ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចចិន, ៣. ឥទ្ធិពលលើសពីការរំពឹងទុកនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ៤. ការកើនឡើងសម្ពាធបំណុល និង ៥. ការបន្តនូវភាពបែកខ្ញែកទីតាំងភូមិសាស្ដ្រសេដ្ឋកិច្ច-នយោបាយ ។

ជាមួយគ្នានេះ, ក្រុមបេសកកម្ម Article IV ក៏បានផ្ដល់អនុសាសន៍វិធានការ និងគោលនយោបាយចាំបាច់មួយចំនួន ជាពិសេសគោលនយោបាយចម្រុះ (policy mix) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់, និង ការកែទម្រង់ជារចនាសម្ព័ន្ធ (structural reforms) ។ ក្នុងន័យនេះ, ការដាក់ចេញ និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងតុល្យភាពនៃវិធានការអន្តរាគមន៍ រួមទាំងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាសង្គម-សេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចហ៊ុមព័ទ្ធទៅដោយហានិភ័យនេះ គឺកាន់តែមានសារៈសំខាន់សម្រាប់ការបន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យវិលទៅរកកំណើនសក្តានុពលវិញ ។

សម្រាប់រយៈពេលមធ្យមខាងមុខ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៦.៥% ប៉ុន្តែ លទ្ធភាពនៃការសម្រេច បាននូវកំណើនសក្តានុពលនេះ គឺចាំបាច់ត្រូវពឹងផ្អែកលើការពង្រឹង និងពន្លឿនការងារកែទម្រង់ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយកត់សម្គាល់ពីកម្រិតស្រដៀងគ្នា នៃការវាយតម្លៃតួលេខកំណើនជារួមក្នុងឆ្នាំ ២០២៣ និងរយៈពេលមធ្យមខាងមុខ និងបានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងហានិភ័យនៃសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន និងរយៈពេលខាងមុខ ដែលតម្រូវឱ្យមានការតាមដានជាប្រចាំ សំដៅឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនេះ ។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាល បាននិងកំពុងដើរលើមាគ៌ាដ៏សមស្របមួយ តាមរយៈការបន្តដាក់ចេញ និងអនុវត្តវិធានការអន្តរាគមន៍ ក៏ដូចជាគោលនយោបាយគាំទ្រផ្សេងៗយ៉ាងហ្មត់ចត់ សំដៅកាត់បន្ថយផលប៉ះពាល់ដែលនៅបន្សល់ពីវិបត្តិជំងឺកូវីដ-១៩ ផង ក៏ដូចជាហានិភ័យ និងបញ្ហាប្រឈមដែលបណ្តាលមកពីភាពមិនអំណោយផល នៃកត្តាភូមិសាស្រ្តនយោបាយផង ឱ្យសម្រេចបាននូវប្រសិទ្ធភាពក្នុងកម្រិតអតិបរមា សំដៅធានានូវការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ។

រាជរដ្ឋាភិបាលក៏កំពុងពង្រឹងគោលនយោបាយសារពើពន្ធ ដោយពង្រឹងប្រសិទ្ធភាពថវិកា ដោយបន្តអនុវត្តកៀរគរចំណូលឱ្យប្រសើរឡើង, ពង្រឹងវិស័យ និងប្រសិទ្ធភាពចំណាយ និងបន្តភាពប្រុងប្រយ័ត្នលើការគ្រប់គ្រងបំណុល ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IMF ដែលបានផ្ដល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលដ៏មានសារៈសំខាន់គាំទ្រ ដល់ការគណនាកំណើនផលិតផលក្នុងស្រុកសរុប ផ្អែកលើឆ្នាំគោលថ្មី (២០១៤), ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យម (MTFF) និងការរៀបចំគោលនយោបាយផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើងបន្ថែម លើការគិតគូរប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងច្បាស់លាស់ពីរាជរដ្ឋាភិបាល លើការអនុវត្តគោលនយោបាយអន្តរាគមន៍ខ្លី មធ្យម និងវែង។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IMF ដែលតែងតែផ្តល់ជាជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាព ដល់មន្រ្តីបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាគាំទ្រដល់ សកម្មភាពសង្គម-សេដ្ឋកិច្ច រួមចំណែកតម្រង់ទិស និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕