(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅអាស៊ីនៅព្រឹកថ្ងៃពុធនេះ មុនពេលមានកិច្ចប្រជុំរបស់ធនាគារកណ្តាលពិភពលោកសំខាន់ៗក្នុងសប្តាហ៍នេះ រួមទាំងធនាគារកណ្តាលសហរដ្ឋអាមេរិកផងដែរ ខណៈទីផ្សារក៏កំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើការវិវត្តចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមករាបានឡើងថ្លៃ ៣៦សេន ឬ ០,៤ភាគរយដល់ ៨៥,៣៨ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីបានធ្លាក់ចុះ ១,៣៣ដុល្លារកាលពីថ្ងៃអង្គារ ខណៈប្រេងឆៅប្រេភទ West Texas Intermediate បានឡើងថ្លៃ ២៨សេន ឬ ០,៣ភាគរយ ដល់ ៨១,៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះថ្លៃ ១,២៩ដុល្លារក្នុងការជួញដូរនៅវគ្គមុន។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់មកពីក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្លៃប្រេងឆៅកំពុងមានស្ថិរភាពមុនពេលមានការចេញផ្សាយទិន្នន័យបច្ចុប្បន្នភាពដោយក្រសួងរតនាគារ និងមុនមានការសម្រេចចិត្តអំពីអត្រារគណៈកម្មការទីផ្សារ FOMC»

លោកមានប្រសាសន៍ថា៖ «ហានិភ័យភូមិសាស្ត្រនយោបាយនៅតែមាន ហើយហានិភ័យទាំងនោះហាក់ដូចជាកំពុងប៉ះប៉ូវដោយកម្រិតផលិតកម្មខ្ពស់បំផុតមួយចំនួនពីសហរដ្ឋអាមេរិក»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិកកាលពីថ្ងៃអង្គារថា ស្តុកប្រេងឆៅនៅអាមេរិកបានកើនឡើងប្រហែល ១,៣លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងឥន្ធនៈបានធ្លាក់ចុះប្រហែល ៣៦០ ០០០បារ៉ែល។

ការដំឡើងអត្រាការប្រាក់ក្នុងគោលបំណងកាត់បន្ថយអតិផរណាអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចស្ទុះងើបយឺត និងកាត់បន្ថយតម្រូវការប្រេង ខណៈដែលការកាត់បន្ថយអត្រាការប្រាក់អាចជំរុញការប្រើប្រាស់ប្រេង។ ធនាគារកណ្តាលអាមេរិកដែលនឹងបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធនេះ ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់ឱ្យមានស្ថិរភាព។ នេះបើយោងតាមរ៉យទ័រ៕