​(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះបានចេញផ្សាយរបាការណ៍ ដោយ​​ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថា​នឹងកើនឡើង ៥.៣ភាគរយ នៅឆ្នាំ២០២៣ និង៦ ភាគរយ នៅឆ្នាំ២០២៤។

ការព្យាករណ៍នេះ ធ្វើឡើងបន្ទាប់ក្រុមបេសកកម្មមាត្រា IV របស់ IMF ដែលដឹកនាំដោយលោក Davide Furceri ​ ​​បានបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែតុលា ឆ្នាំ២០២៣។ បេសកកម្មត្រូវបានធ្វើឡើង ដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២៣ និងទស្សនវិស័យអនាគត។

យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា កំណើននេះ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើននៃការនាំចេញបន្ទះសូឡា និងគ្រឿងបន្គុំអគ្គិសនី ដែលជាកត្តាជំរុញកំណើនដ៏សំខាន់។ តែយ៉ាងការនាំចេញសម្លៀកបំពាក់ នៅតែមានភាពទន់ខ្សោយ ដោយបង្ហាញសញ្ញានៃការងើបឡើងវិញតិចតួច ក្នុងប៉ុន្មានខែថ្មីៗនេះ។ ចំណែកវិស័យសំណង់វិញ បានបង្ហាញការងើបឡើងវិញយឺតយ៉ាវ។

អតិផរណាបានស្ទុះងើបឡើងវិញដល់ ៣.៨% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកាន់តែខ្ពស់។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ អតិផរណាត្រូវបានគេព្យាករណ៍ថា ស្ថិតក្នុងកម្រិតជាមធ្យម ២.៣ ភាគរយ ហើយអាចនឹងឈានដល់ ៣ភាគរយនៅឆ្នាំ២០២៤ ដោយសារកើនឡើងនៃតម្លៃទំនិញបន្ថែម។

ឱនភាពគណនីចរន្តបានរួមតូច នៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតជាបណ្តើរៗ ដោយសារតែការងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ទេសចរណ៍ និងលំហូរផ្ទេរប្រាក់។ ចំណែកទុនបម្រុងអន្តរជាតិ ត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។

រីឯបំណុលសាធារណៈ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យម ក្នុងកំឡុង១ទសវត្សរ៍ចុងក្រោយនេះ ហើយហានិភ័យនៃវិបត្តិបំណុល នៅតែមានកម្រិតទាប។

IMF បានលើកឡើងថា ​ការកែទម្រង់រចនាសម្ព័ន្ធគួរតែផ្តោតលើការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ការវិនិយោគលើកត្តាជំរុញកំណើនថ្មី និងជំរុញការវិនិយោគ លើការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ ការធ្វើពិពិធកម្មនាពេលថ្មីៗ គឺការផលិតបន្ទះសូឡា និងគ្រឿងបន្លាស់អគ្គិសនី កំពុងលើកទឹកចិត្តនៅក្នុងបរិបទនេះ។ ការពង្រឹងអភិបាលកិច្ចសាធារណៈ និងតម្លាភាព នឹងមានសារៈសំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ​

IMF នឹងបន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយកែលម្អស្ថិតិ និងក្នុងផ្នែកផ្សេងទៀតនៃការអភិវឌ្ឍន៍សមត្ថភាព៕