(កំពង់ធំ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការសន្សំប្រាក់ជាមួយគ្រឹះស្ថានផ្លូវការ ជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាចន្ទល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់ ព្រោះការសន្សំប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាប្រភពមូលធនមួយ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ របស់វិនិយោគិនក្នុងស្រុក។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ «ទម្លាប់សន្សំប្រាក់ ដើម្បីអ្នក និងគ្រួសារអ្នក» នៅខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

លោក យឹម លាត បានថ្លែងថា សព្វថ្ងៃនេះប្រជាពលរដ្ឋយើងមួយចំនួនតែងគិតថា ចាំរកបានលុយច្រើនទើបចាប់ផ្តើមសន្សំ បញ្ហានេះមិនមែនទាល់មានលុយច្រើន ទើបអាចចាប់ផ្តើមសន្សំនោះទេ ទាល់តែកំណត់ខ្លួនឯងឲ្យច្បាស់ថា ប៉ុន្មានជាចំណាយចាំបាច់ ហើយប៉ុន្មានជាប្រាក់សន្សំ។

លោកបានបន្ដថា ការសន្សំប្រាក់ គឺជាចន្ទល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់ សម្រាប់ឆ្លើយតបនឹងតម្រូវការ ហិរញ្ញវត្ថុបន្ទាន់ពេលអនាគត ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះជម្រើសនៃ ការសន្សំប្រាក់សព្វថ្ងៃនេះ ក៏មានភាពសំបូរបែប ក្រៅពីការសន្សំទុកនៅផ្ទះ អាចការសន្សំប្រាក់ ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ព្រោះមានទាំងសុវត្ថិភាព បានទាំងការប្រាក់។

លោកបានបញ្ជាក់ថា «លើសពីនេះនៅពេលសន្សំប្រាក់ ជាមួយគ្រឹះស្ថានផ្លូវការ មានន័យថា បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយសារប្រាក់សន្សំរបស់សាធារណជន ជាមួយគ្រឹះស្ថានផ្លូវការ គឺជាប្រភពមូលធនដ៏សំខាន់មួយ សម្រាប់បំពេញ តម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស»។

លោកស្រី ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចូលរួមផ្លាស់ប្តូរផ្នត់គំនិតនេះ និងលើកកម្ពស់ទំលាប់សន្សំ តាមគ្រឹះស្ថានផ្លូវការ ក្នុងចំណោមពលរដ្ឋតាមមូលដ្ឋាន និងជនបទ តាមរយៈការបង្ករភាពងាយស្រួលសម្រាប់ប្រជាជន ក្នុងការដាក់ប្រាក់បញ្ញើ ការផ្តល់សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ និងការលើកកម្ពស់ការយល់ដឹងពី សារៈសំខាន់នៃការសន្សំ ពិសេសក្នុងចំណោមពលរដ្ឋមានចំណូលទាប។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា វិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិទ្យាទំនើប ប្រជាជនកម្ពុជាក៏បានចាប់ផ្តើមងាកមកសន្សំប្រាក់ តាមគ្រឹះស្ថានធនាគារ ដោយមានការកើនឡើង គួរឱ្យកត់សម្គាល់រហូត ដល់ប្រមាណជាង៣៩ប៊ីលានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ពោលកំណើនប្រមាណ៦ភាគរយ និងមានចំនួនគណនីជាង១៣លានគណនី។ កត្តាទាំងអស់នេះបានបង្ហាញពីជំនឿទុកចិត្ត របស់សាធារណជន មកលើប្រព័ន្ធ ធនាគារនៅកម្ពុជា៕