(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានចំនួន ១២ ៣៩៦.៨៤ប៊ីលានរៀល (ប្រមាណជា ៣ ០៦០.៩៥ លានដុល្លារ) ស្មើនឹង ៨៥.៧០% នៃផែនការប្រចាំ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

តួលេខចំណូលថវិកាជាតិនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣
ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធ យ៉ាងល្អប្រសើរ។

អគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍ណែនាំ សម្រាប់ជាទិសដៅអនុវត្ត បន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេស ការងារអាទិភាពសំខាន់ៗ ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់វិស័យឯកជនក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ការងារដោយផ្អែកលើនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធ ព្រមទាំង ដាក់ចេញ នូវអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។

បន្ថែមពីលើនេះ អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រលើការដាក់ចេញ នូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថល រដ្ឋបាលសារពើពន្ធ (Tax Digital Transformation) ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ (Tax Administration 3.0) ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធក្នុងសកលលោក៕