(ព្រុចសែល)៖ ទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅប្រទេសបែលហ្ស៊ិកបានបង្កើតប្រាក់ចំណេញជិត ៣ពាន់លានអឺរ៉ូ (៣,២ពាន់លានដុល្លារ) ខណៈដែលរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបបន្តជជែកគ្នាអំពីការប្រើប្រាស់ទឹកប្រាក់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទិន្ន័យរបស់ក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ទ្រព្យសកម្មដែលត្រូវបានបង្កករបស់រុស្ស៊ីបង្កើតប្រាក់ចំណូលបាន ២,៩ ពាន់លានអឺរ៉ូគិតចាប់ពីពេលដែលត្រូវបានបង្កកមកដល់ត្រីមាសទីបីឆ្នាំនេះ។ តួលេខនោះត្រូវបានរំពឹងថានឹងបន្តកើនឡើង។

តួរលេខទទួលបានពីក្រុមហ៊ុន Euroclear ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិកនេះ ទំនងជានឹងបង្កើតឱ្យមានការជជែកពិភាក្សាកាន់តែខ្លាំងក្នុងចំណោមរដ្ឋសមាជិករបស់សហភាពអឺរ៉ុបអំពីរបៀបប្រតិបត្តិផែនការនានា ដើម្បីអនុវត្តការដកហូតពន្ធ (windfall tax) ទៅលើប្រាក់ចំណេញដែលទទួលបានពីទ្រព្យសកម្មដែលត្រូវបានបង្កករបស់ធនាគារកណ្តាលរុស្ស៊ី និងដើម្បីយកប្រាក់ទាំងនោះមកប្រើប្រាស់ដើម្បីកសាងប្រទេសអ៊ុយក្រែនឡើង។

ការប៉ាន់ប្រមាណបានបង្ហាញថា ទឹកប្រាក់ច្រើនជាង ២០០ពាន់លានអឺរ៉ូនៃទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មកំពុងស្ថិតនៅក្នុងសហភាពអឺរ៉ុបដែលភាគច្រើននៅក្នុងក្រុមហ៊ុន Euroclear។ បរិមាណទឹកប្រាក់តិចតួចមាននៅក្នុងក្រុមប្រទេស G7 និងប្រទេសផ្សេងទៀត។

គណៈកម្មការអឺរ៉ុបកំពុងជំរុញឱ្យពន្លឿនដំណើរការសំណើច្បាប់ពន្ធ windfall នេះឱ្យបានឆាប់រហ័ស បើទោះបីជាមានការប្រុងប្រយ័ត្នពីរដ្ឋសមាជិកមួយចំនួនដែលចង់ឱ្យដំណើរការនេះយឺតយ៉ាវ និងមានការព្រួយបារម្ភនៅធនាគារកណ្តាលអឺរ៉ុបក៏ដោយ។ ដើមឡើយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីនឹងបង្ហាញផែនការនេះនៅរដូវក្តៅនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕