(ប៊ីស្កេក)៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា លោកចង់ជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំង ពីរជាមួយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ លោក Li បានថ្លែងនៅក្នុកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៉ីស៊ីស្ថានថា ប្រទេសចិន «មានឆន្ទៈក្នុងការបន្ស៊ីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនជាមួយរុស្ស៊ី» និង «រក្សាសន្ទុះកំណើនកិច្ចសហប្រតិបត្តិការខាងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ»។

លោកបានបន្ថែមថា ភាពជាដៃគូដែលប្រទេសទាំងពីរបានកសាង «មិនបានផ្តោតទិសដៅលើភាគីទីបីណាមួយឡើយ» ពោលគឺជាការលើកឡើងមួយដែលអាចមានបំណងបន្ធូរបន្ថយការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក។ កិច្ចប្រជុំរវាងលោក លី និងលោក Mishustin ធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) ដែលជាប្លុកប្រទេសមានសមាជិក ៩ប្រទេសសម្រាប់ការសម្របសម្រួលគោលនយោបាយសន្តិសុខនៅទូទាំងអាស៊ី។

ការអត្ថាធិប្បាយរបស់លោក លី គឺជាការរំលឹកថា ទំនាក់ទំនងរវាងចិន-រុស្ស៊ី នៅតែមានភាពកក់ក្តៅ ជាពិសេសចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យឈ្លានពានចូលប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រផ្នែកការទូត និងសេដ្ឋកិច្ចដល់ទីក្រុងមូស្គូ ដែលបានជួយប្រទេសរុស្ស៊ីគេចផុតពីឥទ្ធិពលទណ្ឌកម្មរបស់លោកខាងលិច។

លោក ពូទីន បាននិយាយកាលពីខែកញ្ញាថា កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយប្រទេសចិនបានឈានដល់ «កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក»។ ខណៈពេលដែលលោកខាងលិចបានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយរុស្ស៊ីដោយសារសង្រ្គាម ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងនៅឆ្នាំនេះ។ ឥឡូវនេះ ប្រទេសចិនគឺជាប្រទេសនាំចូលឥន្ធនៈហ្វូស៊ីលដ៏ធំបំផុតពីប្រទេសរុស្ស៊ី ដោយការនាំចេញធ្យូងថ្មកើនឡើងជាងទ្វេដងចាប់តាំងពីឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕