(សៀមរាប)៖ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) បានស្នើសុំ និងលើកទឹកចិត្តដល់វិស័យរដ្ឋ និងឯកជនពាក់ព័ន្ធទាំងអស់ សូមចូលរួមឲ្យបានផុសផុល លើការផ្សព្វផ្សាយពីអត្ថប្រយោជន និងការប្រើប្រាស់ប្រាក់រៀលជូន ដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។

លោកបានបន្ដថា ការប្រើប្រាស់ប្រាក់រៀល ជាផ្នែកមួយសំខាន់ ក្នុងការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនដល់អ្នកពាក់ពន្ធ រៀបចំឡើងក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ធនាគារជាតិនៃកម្ពុជា បានការកសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ពីបាតដៃទទេរហូតទទួលបានសមិទ្ធផល និងមានការទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ពិតជាមិនអាចទៅរួចនោះទេ ប្រសិនកម្ពុជាមិនមានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ។

លោកបានបន្ដថា កត្តាសុខសន្តិភាព និងកត្តាស្ថិរភាពនយោបាយនេះ ផ្តល់បរិយាកាសអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងអំណោយផល ដល់ការកសាងហេដ្ឋារចនា-សម្ព័ន្ធរូបវ័ន្តជាច្រើនដូចបច្ចប្បន្ន ទាំងនេះជាមោទនភាពទាំងអស់គ្នា។

លោក រ័ត្ន សុវណ្ណនរៈ បានក្រើនរំលឹក ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យបន្តយកចិត្តទុកដាក់ ចំពោះកិច្ចការពារអតិថិជន ជាការងារអាទិភាព និងសំខាន់ចាំបាច់មួយ សម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេស សេវាឥណទាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។

លោក រ័ត្ន សុវណ្ណនរៈ បានស្នើដល់ស្ថាប័នពាក់ពន្ធ ត្រូវចូលរួមអប់រំផ្សព្វផ្សាយ ដល់ប្រជាជន ឲ្យចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់ទូលំទូលាយ ដើម្បីរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនថែមទៀត។

លោកបានបញ្ជាក់ថា «ទន្ទឹមនឹងក៏ត្រូវផ្សព្វផ្សាយ ដល់សាធារណជនពីសារៈសំខាន់នៃប្រាក់រៀល ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កត្តាសំខាន់បំផុត ដើម្បីជំរុញការចរាចរប្រាក់រៀល គឺការចូលរួមរបស់សាធារណជនទាំងអស់ ​ក្នុងការប្រើប្រាស់ប្រាក់រៀល ជំនួសការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដូច្នេះទើបធនាគារជាតិនៃកម្ពុជា បានខិតខំក្នុងការពង្រឹងសោភណ្ឌភាព គុណភាព និងប្រព័ន្ធសុវត្ថិភាព ក្នុងការការពារការក្លែងបន្លំប្រាក់រៀល ដើម្បីបង្កើនទំនុកចិត្ត និងការប្រើប្រាស់ពីសាធារណជន»

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់សមាសទី១ ឆ្នាំ២០២៣ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ សរុបមានប្រមាណ ៤៧,៣០ ទ្រីលានរៀល (ស្មើនឹង ១១,៤៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៤០,៣៦ ទ្រីលានរៀល (ស្មើនឹង ៩,៧៧ ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង២,២៨ លានគណនី។

លោកបានបន្ដថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានទទួលប្រាក់បញ្ញើសរុបប្រមាណ២០,២៤ ទ្រីលានរៀល (ស្មើនឹង ៤,៩០ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ២,៧លានគណនី។ ទិន្នន័យសំខាន់ៗទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី លទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ការចូលរួមសហការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាកត្តាយ៉ាងសំខាន់ ក្នុងការជួយជំរុញដល់លទ្ធភាព ពង្រីកវិសាលភាពប្រតិបត្តិការ របស់គ្រឹះស្ថានប្រកបដោយនិរន្តរភាព និងទំនុកចិត្តពីសាធារណជន ព្រមទាំងការបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់សេវាហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា ធនាគារជាតិ
នៃកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈវិស័យនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។

លោកបានបន្ដថា សិក្ខាសាលាថ្ងៃនេះពិតមានសារៈសំខាន់ ក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ក៏ទទួលបានអនុសាសន៍ល្អៗ ពីសំណាក់លោកទេសាភិបាលរង, លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្ត ក្នុងប្រតិបត្តិការរបស់ខ្លួន ឱ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត៕