(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា និង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក នៃបុរីវិមានសំណាង បានចែករំលែកគំនិត និងបទពិសោធ ​ទាក់ទងនឹងការស្វែងយល់ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិដល់ម្ចាស់អាជីវកម្ម ដែលជាសមាជិកក្លឹបមិត្តស្ថាបនិក ​ដើម្បីឱ្យ​អាជីវកម្ម​នៅតែមានដំណើរល្អ និងឆ្លងផុតវិបត្តិ។

ក្នុងឱកាសនោះ លោក ហុង សុហួរ បានបង្ហាញពីវដ្តនៃសេដ្ឋកិច្ច ដែលបង្ហាញពីចលនាឡើងចុះជាធម្មតានៃសេដ្ឋកិច្ច ហើយនិងភាពចាំបាច់ ដែលម្ចាស់អាជីវកម្មត្រូវចេះសម្គាល់ចលនានេះ និងត្រៀមខ្លួនដឹកនាំអាជីវកម្មសម្របខ្លួនតាមចលនានេះ។

លោកបានលើកឡើងថា ជាធម្មតា ស្ថានភាពនៃកំណើនសេដ្ឋកិច្ច នឹងបង្កលក្ខខណ្ឌឱ្យមានវិបត្តិសេដ្ឋកិច្ចនៅពេលក្រោយ ហើយស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច នឹងបង្កលក្ខខណ្ឌឱ្យមានកំណើនសេដ្ឋកិច្ចនៅពេលក្រោយដែរ។ ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគដែលអាចជោគជ័យធំ និងយូរអង្វែង គឺជាអ្នកដែលពិនិត្យឃើញចលនានេះបានត្រឹមត្រូវ។ ការសម្រេចចិត្តផ្នែកអាជីវកម្ម ឬវិនិយោគដែលខុសពេល នឹងនាំឱ្យមកនូវបញ្ហា ឬអាចរហូតដល់ថ្នាក់ក្ស័យធន។

បណ្ឌិត គីម ហ៊ាង បានចែករំលែកអំពីបទពិសោធន៍ ក្នុងការដឹកនាំអាជីវកម្មរបស់លោកក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ​អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងបញ្ហាជាច្រើន។ លោកបានជំរុញដល់ម្ចាស់អាជីវកម្មត្រូវបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន, ពង្រឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម, កាត់បន្ថយចំនាយមិនចាំបាច់, ពង្រឹងការលក់ ពិសេសគឺត្រូវតែរវល់នឹងការលក់ មិនគួររវល់នឹងរឿងផ្សេងឡើយ។

លោកបានណែនាំពីគោលការណ៍ចំនួន ៤ ក្នុងការដំណើរការអាជីវកម្មក្នុងស្ថានភាពសេដ្ឋកិច្ចមានវិបត្តិ ដែលរួមមាន៖ លើកទឹកចិត្តបុគ្គលិក, យល់ដឹងពីការគ្រប់គ្រងសាច់ប្រាក់, យល់ពីវដ្ដនៃសេដ្ឋកិច្ច និងវដ្តនៃអាជីវកម្ម។

លោក​ថែមទាំងបានបង្ហាញ អំពីយុទ្ធសាស្ត្រ ម៉ូម៉ាឡែត ដោយត្រូវចេះធ្វើយ៉ាងណាឱ្យអាជីវកម្មអាចឆ្លងផុតវិបត្តិ ជាពិសេស ការគ្រប់គ្រងចំណាយ។

សូមជម្រាបថា កម្មវិធីចែករំលែកគំនិត និងបទពិសោធ ​ទាក់ទងនឹងការស្វែងយល់ និងត្រៀមខ្លួនប្រឈមនឹងវិបត្តិ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣​៕