(ឡុងដ៍)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា តម្រូវការឥន្ធនៈហ្វូស៊ីលពិភពលោកនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០៣០ ដោយសារនឹងមានការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនឡើង ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ទុះងើបយឺត និងផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកាន់តែស្អាត។

របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មានលក្ខណៈផ្ទុយពីទស្សនៈរបស់ក្រុមអប្រទេសផលិតប្រេងដែលជាសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) ដែលមើលឃើញថា តម្រូវការប្រេងនៅតែកើនឡើងយូរជាងនេះនៅក្រោយឆ្នាំ២០៣០ និងអង្គការ OPEC អំពាវនាវឱ្យមានការវិនិយោគលើវិស័យប្រេងថ្មីរាប់ពាន់លាន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យថាមពលពិភពលោកប្រចាំឆ្នាំរបស់ទីភ្នាក់ងារ IEA ដែលបានចេញផ្សាយនៅសប្តាហ៍នេះថា តម្រូវការប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មនឹងមានកម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍នេះ ពោលគឺស្ថិតនៅក្នុងសេណារីយ៉ូមួយដោយផ្អែកលើគោលនយោបាយថាមពលបៃតងបច្ចុប្បន្នរបស់នានារដ្ឋាភិបាលនានា។

លោក Fatih Birol នាយកប្រតិបត្តិទីភ្នាកងារ IEA បាននិយាយថា៖ «ការផ្លាស់ប្តូរទៅរកថាមពលស្អាតកំពុងកើតមានឡើងនៅទូទាំងពិភពលោក ហើយវាមិនអាចបញ្ឈប់បានទេ។ វាមិនមែនជាសំណួរដែលត្រូវសួរថា "ប្រសិនបើ" នោះទេ វាគ្រាន់តែជាបញ្ហាថា "តើឆាប់ៗប៉ុណ្ណា" ប៉ុណ្ណោះ។ កើនឡើងកាន់តែឆាប់ នឹងកាន់តែល្អសម្រាប់យើងទាំងអស់គ្នា»

លោកបានបន្ថែមថា៖ «រដ្ឋាភិបាល ក្រុមហ៊ុន និងអ្នកវិនិយោគត្រូវនៅពីក្រោយការផ្លាស់ប្តូរថាមពលស្អាត ជាជាងរារាំងពួកគេ»

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន IEA ក៏បានឱ្យដឹងផងដែរថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន តម្រូវការឥន្ធនៈហ្វូស៊ីលអាចនឹងនៅតែមានកម្រិតខ្ពស់ជ្រុលដើម្បីរក្សាបានដល់គោលដៅនៃកិច្ចព្រមព្រៀងស្តីពីការប្រែប្រែអាកាសធាតុក្រុងប៉ារីស ដែលកំណត់ការកើនឡើងសីតុណ្ហភាពសកលជាមធ្យមមកត្រឹម ១,៥អង្សាសេ។

ទីភ្នាក់ងារថាមពលនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហានិភ័យនេះមិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់អាកាសធាតុកាន់តែអាក្រក់បន្ទាប់ពីមានការកើនឡើងកម្ដៅខ្ពស់បំផុតមិនធ្លាប់មាននោះទេ ប៉ុន្តែធ្វើឱ្យខូចដល់សន្តិសុខប្រព័ន្ធថាមពល ដែលត្រូវបានបង្កើតឡើងសម្រាប់ពិភពលោកកាន់តែត្រជាក់ដែលមានបាតុភូតអាកាសធាតុកាន់តែតិចថែមទៀតផង»