(កំពង់ធំ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ និងភាគីពាក់ព័ន្ធរដ្ឋ និងឯកជន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ ចំពោះកិច្ចការពារអតិថិជន ជាការងារអាទិភាព និងសំខាន់ចាំបាច់មួយ សម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេស សេវាឥណទាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ដថា ការកសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុពីបាតដៃទទេរ រហូតទទួលបានសមិទ្ធផល និងការទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោកដូចសព្វថ្ងៃ គឺពិតជាមិនអាចទៅរួចនោះទេ ប្រសិនបើប្រទេសកម្ពុជា មិនមានស្ថិរភាពនយោបា យនិងសុខសន្តិភាពពេញលេញ។

លោកបានបញ្ជាក់ថា កត្តាសុខសន្តិភាព និងកត្តាស្ថិរភាពនយោបាយនេះ ផ្តល់បរិយាកាសអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងអំណោយផល ដល់ការកសាងហេដ្ឋារចនា-សម្ព័ន្ធរូបវ័ន្តជាច្រើន ដូចមាននាពេលសព្វថ្ងៃ នេះជាមោទនភាពទាំងអស់គ្នា។

លោក រ័ត្ន សុវណ្ណនរៈ បានក្រើនរំលឹក ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ ចំពោះកិច្ចការពារអតិថិជន ជាការងារអាទិភាព និងសំខាន់ចាំបាច់មួយសម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេស សេវាឥណទាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អតិថិជន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕