(ប៉េកាំង)៖ ស្ថាប័នសភាកំពូលរបស់ប្រទេសចិន បានអនុម័តការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលតម្លៃ ១ពាន់ពាន់លានយន់ (១៣៧ពាន់លានដុល្លារ) និងបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថ្នាក់តំបន់ អាចបែងចែកកូតាមូលបត្របំណុលឆ្នាំ២០២៤ ដើម្បីគាំទ្រសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មូលនិធិដែលបានប្រមូលពីការបោះផ្សាយមូលបត្របំណុលថ្មីនេះ នឹងគាំទ្រដល់ការកសាងឡើងវិញ នូវតំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងប្រទេស និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការពារប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង ដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសចិន ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។

មូលបត្របំណុលរដ្ឋថ្មីនេះ នឹងធ្វើឱ្យឱនភាពថវិការបស់ប្រទេសចិន នៅឆ្នាំ២០២៣ កើនឡើងដល់ប្រហែល ៣,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ពីអត្រា ៣ភាគរយ។លោក Mark Williams ប្រធានសេដ្ឋវិទូអាស៊ីមកពីក្រុមហ៊ុន Capital Economics បានប្រាប់រ៉យទ័រថា៖ «ការគាំទ្រសារពើពន្ធបន្ថែម ដែលត្រូវបានអនុម័តនៅថ្ងៃនេះ គឺជាអន្តរាគមន៍ដែលយើងបានរំពឹងទុកថានឹងកើតមាន ហើយដែលចាំបាច់ត្រូវធ្វើឡើង ដើម្បីការពារការរឹតបន្តឹងសារពើពន្ធភ្លាមៗ នៅក្នុងប្រទេសចិនក្នុងពេលចុងក្រោយនៃឆ្នាំនេះ»

លោកមានប្រសាសន៍ថា៖ «គោលនយោបាយសារពើពន្ធ គឺជាកត្តាជំរុញដល់កំណើននៅក្នុងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានត្រីមាសចុងក្រោយនេះ។ វិធានការថ្មីទាំងនេះនឹងរក្សាការគាំទ្រដល់សេដ្ឋកិច្ច ប៉ុន្តែមិនបានផ្តល់នូវការជំរុញបន្ថែមណាមួយទេ»