(រីយ៉ាដ)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងទៅកាន់វេទិកាវិនិយោគិន អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធថា សង្រ្គាមដ៏ក្ដៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងវាយលុកសេដ្ឋកិច្ចរ បស់ប្រទេសជិតខាងរួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដី របស់លោកស្រី Kristalina Georgieva ប្រធាន IMF ខណៈថ្លែងនៅឯវេទិកាគំនិតផ្តួចផ្តើមវិនិយោគអនាគត (FII) នៅរដ្ឋធានីរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីតថា៖ «អ្នកក្រឡេកមើលប្រទេសជិតខាងដូចជា អេហ្ស៊ីប លីបង់ ហ្ស៊កដានី នៅទីនោះ បណ្តាញនៃផលប៉ះពាល់អាចមើលឃើញរួចហើយ»

ការថ្លែងរបស់លោកស្រី Georgieva បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗមកពីតំបន់ Wall Street របស់សហរដ្ឋអាមេរិកបានប្រាប់វេទិកា FII ថា សង្រ្គាមអាចប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រសិនបើសង្គ្រាមនេះរាលដាលដល់ប្រទេសផ្សេងទៀត។

លោកស្រី Georgieva បានមានប្រសាសន៍ថា «អ្វីដែលយើងឃើញ គឺអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំង នៅក្នុងអ្វីដែលជាពិភពភ័យខ្លាចរួចទៅហើយនោះ»។
ដោយពណ៌នាអំពីការខាតបង់ផ្នែកសេដ្ឋកិច្ច ដែលអាចកើតមានសម្រាប់ប្រទេសក្នុងតំបន់ មុនពេលលើកឡើងពីហានិភ័យជាក់លាក់ លោកស្រីបានបន្ថែមថា «ប្រទេសរបស់អ្នកពឹងផ្អែកលើវិស័យទេសចរណ៍ ដូច្នេះភាពមិនប្រាកដប្រជា គឺជាឃាតករសម្រាប់លំហូរទេសចរ»

លោកស្រីថ្លែងថា «វិនិយោគិននឹងភ័យខ្លាច ក្នុងការទៅកម្សាន្តកន្លែងនោះ។ ការចំណាយលើការធានារ៉ាប់រង ប្រសិនបើអ្នកចង់ផ្លាស់ទីទំនិញ ពួកគេឡើងនឹងដំឡើងថ្លៃ។ ហានិភ័យនៃជនភៀសខ្លួន កើតមានកាន់តែច្រើននៅក្នុងប្រទេស ដែលទទួលយកជនភៀសខ្លួនកាន់តែច្រើន»

ព្រឹត្តិការណ៍ FII ដែលជាវេទិកាប្រចាំឆ្នាំ និងត្រូវបានគេដាក់ឈ្មោះថាជា «វេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូសនៅសមុទ្រខ្សាច» ជាធម្មតាបានផ្តល់ជាឱកាសមួយ សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបង្ហាញពីកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុក ដែលភាពជោគជ័យរបស់ប្រទេសនេះ ត្រូវបានមន្ត្រីអារ៉ាប៊ីសាអូឌីតនិយាយថា ផ្នែកខ្លះជាប់ទាក់ទងនឹងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕