(តូក្យូ)៖ ក្រុមហ៊ុន Toyota មានបំណងផលិតរថយន្ត Lexus អគ្គិសនី ដែលមានសមត្ថភាពបើកបរបានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ តាមរយៈការដាក់បង្ហាញរថយន្តគំរូកាលពីថ្ងៃពុធ ហើយគ្រោងនឹងដាក់លក់នៅឆ្នាំ២០២៦។ នេះជាផ្នែកមួយនៃការជំរុញយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ចំពោះរថយន្តអគ្គិសនី ដែលពឹងផ្អែកលើបច្ចេកវិទ្យាថ្មទំនើប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានដាក់បង្ហាញរថយន្តអគ្គិនសីគំរូ Lexus LF-ZC នៅក្នុងកម្មវិធីពិព័រណ៍រថយន្តជប៉ុន ដែលប្រើប្រាស់អាគុយប្រភេទ «prismatic គុណភាពខ្ពស់» ដែលអាចរត់បានចម្ងាយប្រហែលពីរដងនៃរថយន្តអគ្គិសនីធម្មតា ពោលគឺប្រហែល ១ពាន់គីឡូម៉ែត្រ។

លោក Simon Humphries ប្រធានផ្នែកម៉ាកយីហោ Toyota ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ក្នុងពេលដាក់បង្ហាញរថយន្តគំរូនេះថា «គន្លឹះក្នុងការសម្រេចបានរបកគំហើញទាំងនេះ គឺការកាត់បន្ថយគ្រឿងបង្គុំ និងកាត់បន្ថយចំណុចផ្សេងៗ នៅទូទាំងរថយន្ត រួមទាំងការធ្វើឱ្យអាគុយតូចជាងមុន មានប្រសិទ្ធភាពជាងមុន និងថាមពលកាន់តែច្រើន ព្រមទាំងបើកបរឆ្ងាយជាងមុន»

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក Toyota បានប្រកាសកាលពីខែមិថុនា នូវផែនការប្រកបដោយមហិច្ឆតាមួយ ក្នុងការកែលម្អថាមពលរបស់អាគុយរថយន្តអគ្គិសនី រួមទាំងការចេញលក់អាគុយលីចូម-អ៊ីយ៉ុង (lithium-ion) ជំនាន់ថ្មីដែលផ្តល់សមត្ថភាពបើកបរឆ្ងាយជាងមុន និងបញ្ចូលអគ្គិសនីឆាប់ពេញជាងមុនផងដែរ។
ក្រុមហ៊ុន Toyota បានប្តេជ្ញាថានឹងផលិតរថយន្ត Lexus អគ្គិសនីឱ្យបាន ១០០ភាគរយ ដើម្បីលក់នៅទូទាំងពិភពលោកនៅឆ្នាំ២០៣៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕