(ហាណូយ)៖ តម្លៃអង្កររបស់វៀតណាមបន្តឡើងថ្លៃនៅពេលរដូវប្រមូលផលបញ្ចប់ដែលបង្កើតឱ្យមានការខ្វះខាតការផ្គត់ផ្គង់។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា អង្ករប្រភេទបាក់ ៥% របស់វៀតណាមឥឡូវមានតម្លៃ ៦២៣ ដុល្លារក្នុងមួយតោន ខ្ពស់ជាងអង្ករថៃ ៧% និងខ្ពស់ជាងអង្ករប៉ាគីស្ថាន ១០,៧%។

តម្លៃស្រូវក្នុងស្រុកក៏បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនផងដែរ។ ស្រូវជប៉ុនប្រភេទ J02 ឥឡូវនេះមានតម្លៃរហូតដល់ ១៤ ០០០ដុង (០,៥៧ដុល្លារ) និងស្រូវខាងដាន (Khang Dân) របស់វៀតណាមមានតម្លៃ ៩ ០០០ដុងក្នុងមួយគីឡូក្រាម ដែលជាតម្លៃមិនធ្លាប់មានពីមុនមក។

ក្រុមកសិករបានប្រាប់កាសែត VN Express ថា ក្រុមឈ្មួញបាននិងកំពុងបញ្ជាទិញយ៉ាងច្រើនក្នុងគ្រាដែលមានការធ្លាក់ចុះការផ្គត់ផ្គង់នៅពេលរដូវកាលបិទបញ្ចប់ ហើយនេះជាមូលហេតុដែលតម្លៃស្រូវឡើងខ្ពស់។

លោកស្រី Huynh Thi Bich Huyen នាយកប្រតិបត្តិក្រុមហ៊ុនជួញដូរអង្ករ Ngoc Quang Phat បានប្រាប់កាសែត VN Express ថា លោកស្រីអាចទិញស្រូវបានតែប៉ុន្មានរយតោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលស្មើនឹងមួយភាគបីនៃការទិញកាលពីខែមុន។

នេះបង្ហាញពីកង្វះខាតក្នុងការផ្គត់ផ្គង់ ហើយនោះជាមូលហេតុដែលតម្លៃត្រូវបានដំឡើងថ្លៃ។

ការនាំចេញអង្ករបានកើនឡើង ៤០,៤% ក្នុងរយៈពេល ៩ខែដំបូងនៅឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមនេះដល់ ៣,៦៦ពាន់លានដុល្លារ។ មានការព្យាករថា តម្លៃនាំចេញនឹងឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយពោលគឺចំនួន ៤ពាន់លានដុល្លារនៅចុងឆ្នាំនេះ។

តម្លៃនាំចេញជាមធ្យមគឺ ៥៥៣ដុល្លារក្នុងមួយតោនក្នុងរយៈពេល ៩ខែដំបូង កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កសិករវៀតណាមបានទទួលប្រាក់ចំណេញទ្វេដដងធៀបនឹងឆ្នាំមុន។

សមាគមស្បៀងអាហារវៀតណាមបានព្យាករថា តម្លៃអង្ករនឹងស្ថិតក្នុងកម្រិតខ្ពស់សម្រាប់រយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ ដោយសារការផ្គត់ផ្គង់នឹងនៅតែទាបនៅទូទាំងពិភពលោក។ នេះបើយោងតាមកាសែត VN Express៕