(ស៊ីដនី)៖ រដ្ឋាភិបាលក្រុងកង់បេរ៉ាបានឱ្យដឹងនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតី ស៊ីន ជីនពីង ខណៈដែលដៃគូពាណិជ្ជកម្មទាំងពីរធ្វើការដោះស្រាយជម្លោះទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

កាសែត Channel News Asia បានរាយការណ៍ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានកក់ដំណើរទស្សនកិច្ចចាប់ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីប្រទេសចិនបានយល់ព្រមផ្អាកជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដ៏ក្តៅគគុកដែលបង្កឡើងដោយការដំឡើងពន្ធដ៏ច្រើនទៅលើស្រាអូស្ត្រាលី។

លោក Albanese បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវទំនាក់ទំនងស្ថិរភាព និងផលិតភាព»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលយើងបានធ្វើដើម្បីនាំផលិតផលរបស់អូស្ត្រាលី រួមទាំងស្រាអូស្ត្រាលីទៅកាន់ទីផ្សារប្រទេសចិនវិញ»

ដំណើរទស្សនកិច្ចដែលរំពឹងទុកយ៉ាងទូលំទូលាយនេះនឹងក្លាយជាការធ្វើដំណើរទៅកាន់ប្រទេសចិនលើកដំបូងដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីគិតចាប់តាំងពីឆ្នាំ២០១៦។

ប្រទេសចិនបានដំឡើងពន្ធលើទំនិញនាំចេញសំខាន់ៗរបស់អូស្ត្រាលីដូចជាស្រូវបាលី សាច់គោ និងស្រាក្នុងឆ្នាំ២០២០ ដែលបានបណ្តាលឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះមានជម្លោះដ៏ជូរចត់ជាមួយអតីតរដ្ឋាភិបាលអភិរក្សរបស់ប្រទេសអូស្ត្រាលី។

ចិនក៏បានបញ្ឈប់ការនាំចូលទំនិញសំខាន់ៗមួយចំនួនរបស់អូស្ត្រាលីរួមទាំងធ្យូងថ្មផងដែរ ដែលទប់ស្កាត់លំហូរពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ប្រទេសចិនបានខឹងសម្បារទៅនឹងច្បាប់របស់អូស្ត្រាលីដែលរារាំងក្រុមហ៊ុន Huawei មិនឱ្យទទួលបានកិច្ចសន្យា 5G និងការអំពាវនាវរបស់ប្រទេសស្ថិតនៅទ្វីបអូសេអានីមួយនេះឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩។

នៅឆ្នាំនេះ ប្រទេសចិនបានទម្លាក់ចោលពន្ធលើស្រូវបាលី បានបញ្ចប់ការហាមឃាត់ការនាំចូលឈើ និងបានយល់ព្រមបន្តទទួលការយកធ្យូងថ្មអូស្ត្រាលីឡើងវិញផងដែរ។

នេះបើយោងតាមកាសែត Channel News Asia លោក Albanese បាននិយាយថា ក្នុងរយៈពេលប្រាំខែខាងមុខនេះ ប្រទេសចិននឹងធ្វើ «ការពិនិត្យឡើងវិញយ៉ាងរហ័ស» ទៅលើពន្ធរបស់ខ្លួនលើស្រាអូស្ត្រាលី៕