(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងអ្នកប្រើប្រាស់បណ្តាញសង្គមបានឆ្លើយតបនឹងការបង្ហោះរិះគន់ស្តីពីការពិបាកក្នុងការចាយវាយប្រាក់ដុល្លារដែលខូចគុណភាពតិចតួច ដោយបញ្ជាក់ថាជាការរិះគន់ដោយមិនមានការពិចារណាច្បាស់លាស់ និងផ្តល់យោបល់ឱ្យជំរុញការប្រើប្រាស់ប្រាក់រៀលជំនួសវិញ។

ការឆ្លើយតបនេះគឺបន្ទាប់ពីមានសំណេរមួយលើគណនីហ្វេសប៊ុកឈ្មោះ Khat Sam Ath បង្ហោះកាលថ្ងៃពីទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយអះអាងថាលោកបានផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវជនជាតិសិង្ហបុរីមួយក្រុមនាពេលថ្មីៗនេះ ដែលពួកគេមិនសប្បាយចិត្តចំពោះការលំបាកក្នុងការចាយវាយប្រាក់ដុល្លារអាមេរិកដែលខូចគុណភាពតិចតួច។

គណនីឈ្មោះ Khat Sam Ath បានសរសេរថា៖ «អ្វីដែលគាត់មិនសប្បាយចិត្ត និងទទួលយកមិនបាននោះគឺថាស្រុកខ្មែរមហាវាទនាក្នុងការចាយលុយដុល្លារ លុយចាស់តិច ប្រឡាក់តិច រហែកតិចមិនទទួលយកដាច់ខាត។ បើទទួលគឺកាត់ទឹកតែម្តង»

គិតត្រឹមព្រឹកថ្ងៃទី ២២ ខែតុលា សំណេរនេះមានការចែករំលែកជាង ១.៩០០ ដង អ្នកចូលចិត្ត ៥៦៩ និងអ្នកចូលបញ្ចេញមតិ ៣៤៧។ ការលើកឡើងនេះបានទទួលការគាំទ្រមួយចំនួន តែទន្ទឹមនេះប្រជាជនជាអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនលើកឡើងថានេះជាការរិះគន់ដែលមិនសមហេតុផល មិនមានមូលដ្ឋានក្នុងការពិចារណា និងគ្មានគំនិតជាតិនិយម។

គណនីហ្វេសប៊ុកឈ្មោះ Khun Savoeun បានចោទជាសំនួរថា៖ «ភ្ញៀវទេសចរទាំងនោះបានលុយដុល្លារ[អាមេរិក]ពីណា? បើយកលុយគាត់ដូរជាដុល្លារ[អាមេរិក] ម៉េចមិនឲ្យគាត់ប្តូរជាលុយរៀល?»

គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Orng Sotheary ផ្តល់យោបល់ថាជំនួសឱ្យការរិះគន់ស្ថាប័នជាតិ មគ្គទេសក៍ទេសចរគួរពន្យល់ទៅភ្ញៀវពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលដែលជារូបិយវត្ថុជាតិកម្ពុជា ដោយបញ្ជាក់ថាក្រដាស់ប្រាក់រៀលនឹងមានការទទួលយកយ៉ាងងាយស្រួល ទោះមានប្រឡាក់ ដាច់ រហែក ក៏ដោយ។ តែចំពោះប្រាក់ដុល្លារ ដែលខូចដាច់រហែក ត្រូវបញ្ជូនទៅដូរនៅអាមេរិក ដែលត្រូវប្រឈមនឹងការចំណាយ។ គណនីហ្វេសប៊ុក Orng Sotheary ថ្លែងថា៖ «កុំចូលចិត្តចាប់កំហុសតិចតួចរបស់ជាតិសាសន៍ខ្លួនឯងបង្ហាញបរទេសពេក។ គួរពន្យល់ភ្ញៀវវិញថា ដុល្លារមិនមែនជារូបិយវត្ថុជាតិខ្មែរទេ»

លោក សុខ រឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថាដំណោះស្រាយចំពោះបញ្ហាខាងលើគឺគួរពន្យល់ និងជំរុញលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសឱ្យប្តូរប្រាក់រៀល ហើយចាយវាយប្រាក់រៀលដែលជារូបិយវត្ថុជាតិរបស់កម្ពុជា។ លោកបន្តថា ជាទូទៅការ ទទួលប្រាក់ដុល្លារអាមេរិកមានការរិតត្បិតជាងរូបិយវត្ថុជាតិ ពីព្រោះក្រដាសប្រាក់ដុល្លារអាមេរិកមិនត្រូវបានបោះពុម្ពនៅកម្ពុជាទេ។

លោកថ្លែងថា៖ «អ៊ីចឹងហើយ ទើបបានជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសយើង តែងតែផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាជនក៏ដូចជាភ្ញៀវទេសចរណ៍ ប្រើប្រាស់ក្រដាសប្រាក់រៀលឲ្យបានទូលំទូលាយ ពីព្រោះ ទោះបីជាក្រដាសប្រាក់រៀលនោះចាស់ រហែក ឬប្រឡាក់យ៉ាងណា គេនៅតែទទួល ដោយសារតែក្រដាសប្រាក់រៀលយើងត្រូវបានបោះពុម្ព និងគ្រប់គ្រងនៅប្រទេសយើង»

ប្រាក់ដុល្លារអាមេរិកចរាចរណ៍នៅកម្ពុជាទន្ទឹមប្រាក់រៀលប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការ នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ប៉ុន្តែដោយសារការអូសបន្លាយពេលនៃសង្រ្គាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ជំនឿទុកចិត្តលើប្រាក់រៀលនៅមានកម្រិតទាប។

នៅឆ្នាំ១៩៩២-១៩៩៣ ប្រាក់ដុល្លារអាមេរិកបានហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជាតាមរយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ដើម្បីរៀបចំការបោះឆ្នោតជាលើកដំបូង និងបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនទទួលយក និងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់យ៉ាងឆាប់រហ័ស។

ដុល្លារូបនីយកម្មនៅកម្ពុជាក៏ចាប់ផ្តើមតាំងពីពេលនោះរហូតដល់បច្ចុប្បន្ន។ ប្រជាជនកម្ពុជាជាច្រើនបានស៊ាំទៅនឹងការប្រើប្រាស់ដុល្លារ បើទោះបីជារាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានខិតខំលើកកម្ពស់ការប្រើប្រាស់ជាបន្តបន្ទាប់ និងរក្សាស្ថិរភាពប្រាក់រៀល ព្រមទាំងកែលម្អគុណភាពនិងសោភ័នភាពក្រដាសប្រាក់រៀល។

រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានព្យាយាមរក្សាអត្រាប្តូរប្រាក់រៀលឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរ គិតចាប់តាំងពីឆ្នាំ១៩៩៨មក ជាមួយអត្រាមធ្យម ៤.០៣៦ រៀលក្នុងមួយដុល្លារអាមេរិក និងប្រែប្រួលក្នុងរង្វង់តែ +/-២% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ បើទោះបីជាសម្ពាធនៃការឡើងថ្លៃប្រាក់ដុល្លារអាមេរិកបានប៉ះពាល់ខ្លាំងដល់តម្លៃរូបិយវត្ថុប្រទេសនានាជាច្រើននាពេលថ្មីៗនេះ តែតម្លៃប្រាក់រៀលមានការប្រែប្រួលតិចតួច ហើយធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដែលបានរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។បន្ថែមលើនេះ គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀលត្រូវបានលើកកម្ពស់ជាលំដាប់។

ជាក់ស្តែង ក្រដាសប្រាក់រៀលបានទទួលពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់ ទៅលើគុណភាពនៃក្រដាសប្រាក់ ដូចជា ក្រដាសប្រាក់ ៥០.០០០ រៀល បានទទួលពានរង្វាន់សំរឹទ្ធលើផ្នែកគុណភាពនិងសោភ័នភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិនៅចក្រភពអង់គ្លេស ហើយក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១៥.០០០ រៀល បានឈ្នះពានរង្វាន់ជាក្រដាសប្រាក់ថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសនៃការផលិតក្រដាសប្រាក់របស់កម្ពុជាមានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់។

មិនត្រឹមតែប៉ុណ្ណោះ សាខាធនាគារជាតិនៃកម្ពុជាតាមបណ្តាខេត្ត តែងព្យាយាមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈការបំពេញតម្រូវការប្រាក់រៀលនៅតាមមូលដ្ឋាន និងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកដោយគ្មានគិតកម្រៃសេវាឡើយ។

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណតែ ៥៦៣ប៊ីលានរៀលនៅឆ្នាំ១៩៩៨ មកដល់ ៣១ទ្រីលានរៀលនាពេលបច្ចុប្បន្ន ដែលកើនឡើង ១៩,២% ជាមធ្យមក្នុងមួយឆ្នាំ។ ទោះជាយ៉ាងនេះក៏ដោយ ស្របពេលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន សមាមាត្រនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ចនៅមិនទាន់ធំគ្រប់គ្រាន់នៅឡើយ។

ស្របពេលធនាគារជាតិនៃកម្ពុជាបានរក្សាស្ថិរភាពប្រាក់រៀលយ៉ាងល្អប្រសើរ និងកែលម្អគុណភាពនិងសោភ័នភាពក្រដាសប្រាក់រៀលជាលំដាប់ អ្នកប្រើប្រាស់បណ្តាញសង្គមនិងអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានអះអាងថាសាធារណជនកម្ពុជា គួរចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ និងជំរុញឱ្យទេសចរបរទេសចាយវាយប្រាក់រៀលនៅកម្ពុជា។

អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Chan Roth Thiya បញ្ជាក់ថានេះជាកតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នាក្នុងការផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ប្រាក់រៀលដើម្បីលើកកម្ពស់កិត្យនុភាពជាតិ។ គណនីហ្វេសប៊ុកឈ្មោះ Chan Roth Thiya បញ្ជាក់ថា៖ «បើអ្នកចាយរូបិយប័ណ្ណប្រទេសខ្ញុំគឺប្រាក់រៀល ទោះដាច់ ចាស់ ក៏ពួកយើងទទួលដែរ»

គណនីហ្វេសប៊ុកឈ្មោះ Leap Hang Chhil លើកឡើងតបទៅការបង្ហោះរបស់ Khat Sam Ath ថា៖ «លុយរៀលទោះបីរហែកជាពីរ ហើយបិតស្កុតវិញក៏អាចដូរនៅធនាគារយកថ្មីបានដែរ ពុំមានអស់ថ្លៃសេវា។ បើបងពិតជាចង់ឲ្យលុយរៀលមានតម្លៃមែននោះ គឺវាត្រូវចាប់ផ្ដើមពីយើងម្នាក់ៗនេះឯង»