(ភ្នំពេញ)៖ ក្រុមហ៊ុន ខេម ជ្ជី អេស អេម (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានសម្រេចបែងចែកភាគលាភ​ ៧% ប្រចាំត្រីមាស ដល់ភាគទុនិករបស់ខ្លួន ដែលបានទិញមូលបត្រកម្មសិទ្ធិ (IPO) ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣។

យោងតាម សេចក្តីប្រកាសព័ត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ្ជី អេស អេម បានឱ្យដឹងថា ការបែងចែកភាគលាភប្រចាំត្រីមាសដល់ភាគទុនិក គឺជាការសម្រេចចិត្តដ៏សំខាន់របស់ក្រុមហ៊ុន ដើម្បីផ្តល់រង្វាន់ភាគលាភប្រចាំឆ្នាំ រហូតដល់ ៧% ដល់អ្នកដែលបានវិនិយោគ នៅក្នុងក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក។

ខេម ជ្ជី អេស អេម បន្តថា «ដូច្នេះម្ចាស់ភាគហ៊ុន Class A នឹងទទួលបាន ភាគលាភអប្បបរមាប្រចាំឆ្នាំចំនួន ៧% ដែលត្រូវផ្តល់ជូនជាត្រីមាសស្មើៗគ្នា ដល់អតិថិជនរបស់ ក្រុមហ៊ុន Cellcard ។ ភាគលាភនឹងត្រូវគណនាតាមចំនួនភាគហ៊ុនសរុប ដែលកាន់កាប់ដោយម្ចាស់ភាគហ៊ុន គុណនឹងតម្លៃ ២២៧០រៀល ក្នុងមួយភាគហ៊ុន​នៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO)។ ចំនួនថ្ងៃចុះបញ្ជី នឹងត្រូវបានគេជូនជាដំណឹងផ្លូវការណ៍តាមរយៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារ RTP របស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម មក»

ដើម្បីធានាបាននូវសិទ្ធិទទួលបានភាគលាភប្រចាំឆ្នាំ៧% ប្រចាំត្រីមាស ម្ចាស់ភាគហ៊ុនដែលមានសញ្ជាតិខ្មែរ Class A ត្រូវតែជាអតិថិជន របស់ ក្រុមហ៊ុន Cellcard ដែលមានឈ្មោះជាវទិញស៊ីមកាត ក្នុងបញ្ជីឈ្មោះអតិថិជនរបស់ ក្រុមហ៊ុនCellcard និងដែលបានផ្តល់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនដែលមានសុពលភាពជូនក្រុមហ៊ុន។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ​បានសន្យាបន្តផ្តល់ភាគលាភប្រចាំឆ្នាំ តាមត្រីមាសយ៉ាងតិច ៧% ដល់ម្ចាស់ភាគហ៊ុន Class A សម្រាប់រយៈពេល ៥ឆ្នាំ ស្របតាមការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

ក្រៅពីការបែងចែង ចែកភាគលាភ​ប្រចាំត្រីមាស ដល់ភាគទុនិករបស់ខ្លួន ក្រុមហ៊ុនចុះបញ្ជីមួយនេះក៏បានវិសោធនកម្មលក្ខន្តិក លើមាត្រារួមរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក ផងដែរ ដើម្បីអនុលោមតាមផ្លូវច្បាប់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធភាពជាម្ចាស់ ស្របតាមការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO)​​។

សូមជម្រាបផងដែរថា ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ហើយ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៩៕