(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល ១ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីអនុញ្ញាតឱ្យមានលំហូរប្រេងកាន់តែច្រើនចូលក្នុងទីផ្សារពិភពលោកវិញ ប៉ុន្តែយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សានៅតែជាក្តីបារម្ភរបស់ទីផ្សារប្រេង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែធ្នូបានធ្លាក់ចុះ ១ដុល្លារ ឬ ១,១ភាគរយមកត្រឹម ៩០,៥ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកសម្រាប់ចែកចាយនៅខែវិច្ឆិកាដែលផុតកំណត់នៅថ្ងៃសុក្រ មានតម្លៃ ៨៧,៣៩ដុល្លារក្នុងមួយបារ៉ែលធ្លាក់ចុះ ៩៣ សេន ឬ ១,១ភាគរយ។

សហរដ្ឋអាមេរិកបានចេញអាជ្ញាប័ណ្ណរយៈពេលប្រាំមួយខែដែលអនុញ្ញាតឱ្យមានប្រតិបត្តិការក្នុងវិស័យថាមពលរបស់ប្រទេសវេណេហ្ស៊ុយអេឡា ដែលជាសមាជិករបស់អង្គការ OPEC ឡើងវិញ បន្ទាប់ពីមានការសម្រេចបានកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និងបក្សប្រឆាំងដើម្បីឈានទៅដល់ការបោះឆ្នោតឆ្នាំ២០២៤ ប្រកបដោយយុត្តិធម៌។

ក្រុមអ្នកជំនាញបានឱ្យដឹងថា មិនមានការរំពឹងថា កិច្ចព្រមព្រៀងនេះនឹងពង្រីកទិន្នផលប្រេងរបស់វេណេហ្ស៊ុយអេឡាឆាប់រហ័សនោះទេ ប៉ុន្តែអាចបង្កើនប្រាក់ចំណេញតាមរយៈការជួយឱ្យក្រុមហ៊ុនបរទេសមួយចំនួនវិលទៅរកទីតាំងផលិតប្រេងរបស់ខ្លួនឡើងវិញ និងផ្តល់ប្រេងឆៅរបស់ប្រទេសនេះទៅដល់អតិថិកាន់តែទូលំទូលាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕