(បាងកក)៖ ក្រុមអ្នកវិភាគបានឱ្យដឹងថា មាសអាចជួញដូរក្នុងចន្លោះតម្លៃពី ១ ៩៥០ ទៅ ១ ៩៦០ដុល្លារក្នុងមួយអោនស៍ (៨,៣ជី) ខណៈដែលសង្រ្គាមនៅមជ្ឈិមបូព៌ាកើតមានកាន់តែខ្លាំង ហើយក្តីសង្ឃឹមថានឹងមានកិច្ចពិភាក្សាផ្នែកការទូតបានរលត់ទៅវិញបន្ទាប់ពីមានការវាយប្រហារទៅលើមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា តម្លៃមាសក្នុងទីផ្សារជួញដូរភ្លាមៗ កាលពីថ្ងៃពុធបានកើនឡើងជិត ០,៨% ពី ១ ៩២៤ដុល្លារដល់ ១ ៩៣៨ដុល្លារក្នុងមួយអោនស៍ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលបួនសប្តាហ៍ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យមួយក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបណ្តាលឱ្យមេដឹកនាំអារ៉ាប់ដកខ្លួនចេញពីកិច្ចប្រជុំដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នេះ។

ថ្ងៃពុធជាថ្ងៃទីបីជាប់គ្នាដែលមាសត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ជាង ១ ៩១៥ដុល្លារក្នុងមួយអោនស៍។

ពាណិជ្ជករមាសបាននិយាយថា ការគំរាមកំហែងនៃការកើនឡើងជម្លោះនេះនៅតែបន្តជំរុញកំណើនតម្លៃមាសដុំដែលបានកើនឡើងប្រហែល ៦% គិតចាប់តាំងពីមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

លោក Chutikarn Santimetvirul អ្នកវិភាគការវិនិយោគឧបករណ៍និស្សន្ទនៅក្រុមហ៊ុន Phillip Securities (Thailand) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «យើងកំពុងព្យាករថា តម្លៃមាសអាចឡើងដល់ ១ ៩៥០ ទៅ ១៩៦០ដុល្លារក្នុងមួយអោនស៍ នៅពេលដែលអំពើហិង្សានៅក្នុងសង្គ្រាមហាម៉ាស-អ៊ីស្រាអែលកាន់តែកើនឡើង»។

ក្រុមហ៊ុន YLG Bullion and Futures ណែនាំវិនិយោគិនឱ្យបន្តទិញមាសទុកចំណេញសម្រាប់រយៈពេលខ្លី នៅពេលដែលតម្លៃធ្លាក់ចុះដល់ក្រោម ១៩២០ដុល្លារក្នុងមួយអោនស៍ ហើយឈប់ទិញនៅពេលដែលតម្លៃធ្លាក់ដល់ប្រហែល ១ ៩២០ដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕