(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសចិនមានឆន្ទៈពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ីក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននានាដូចជាសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាបន្ទះថាមពលពន្លឺព្រះអាទិត្យ (photovoltaics) និងរថយន្តថាមពលថ្មីជាដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលើកឡើងរបស់លោកស៊ី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវក្នុងទីក្រុងប៉េកាំង។

លោក ស៊ី បានថ្លែងថា ភាគីទាំងពីរគួរតែធ្វើឱ្យស៊ីជម្រៅនូវការធ្វើសមារណកម្មខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយរួមគ្នាជំរុញការកសាង «ច្រករបៀងសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់»។

កាលពីខែតុលា លោក Widodo បានសម្ពោធផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ ដែលតភ្ជាប់រដ្ឋធានីហ្សាការតានិងទីក្រុងបានដុង (Bandung)។

ផ្លូវដែកដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោមួយរបស់ប្រធានាធិបតី Widodo និងជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន បានប្រឈមមុខនឹងបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាលទ្ធកម្មដីធ្លី ការពន្យាពេលទាក់ទងនឹងជំងឺរាតត្បាត និងការកើនឡើងចំណាយ។

លោក ស៊ី បានចាត់ទុកផ្លូវរថភ្លើងល្បឿនលឿននេះថាជា «ម៉ាកយីហោមាស» នៃកិច្ចសហប្រតិបត្តិការចិន-ឥណ្ឌូនេស៊ីក្នុងការកសាងខ្សែក្រវាត់និងផ្លូវនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Widodo ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Central Television បានរាយការណ៍ថា លោក Widodo បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអភិវឌ្ឍនិងការកសាងសេដ្ឋកិច្ចជាតិ ហើយ «ទន្ទឹងរង់ចាំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន»។

លោក ស៊ី បាននិយាយថា ភាគីទាំងពីរគួរតែធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីការពារអព្យាក្រឹត្យភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកកម្ពស់តំបន់និយមបើកចំហ (open regionalism) និងបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕