(តូក្យូ)៖ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនកំពុងជំរុញឱ្យអារ៉ាប៊ីសាអូឌីត និងប្រទេសផលិតប្រេងផ្សេងទៀតបង្កើនការផ្គត់ផ្គង់ ដើម្បីធ្វើឱ្យទីផ្សារប្រេងពិភពលោកមានស្ថិរភាព ខណៈដែលតម្លៃប្រេងឥន្ធនៈកើនឡើងក្នុងគ្រាដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ជប៉ុនដែលជាប្រទេសទិញប្រេងឆៅធំជាងគេទីបួនក្នុងពិភពលោក បាននាំចូលប្រេងឆៅ ២,៧ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំមុន ដែលក្នុងនោះជាង ៩០ភាគរយមកពីមជ្ឈឹមបូព៌ា។ ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងគូវ៉ែតគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ជប៉ុន។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សរាប់រយនាក់ ហើយជម្លោះនេះបានធ្វើឱ្យប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកស្ថិតក្នុងជំហរការទូតដ៏ទន់ភ្លន់ដោយសារប្រទេសនេះពឹងផ្អែកលើប្រេងឥន្ធនៈនៅមជ្ឈិមបូព៌ា។
លោក Hirokazu Matsuno រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីជប៉ុនត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «រដ្ឋាភិបាលជប៉ុននឹងជំរុញឱ្យប្រទេសផលិតប្រេងធ្វើឱ្យមានស្ថិរភាពទីផ្សារប្រេងឆៅពិភពលោកតាមរយៈការបង្កើនផលិតកម្មនិងការវិនិយោគសមត្ថភាពផលិតកម្ម»។
ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានឡើងថ្លៃជាង ៥ដុល្លារក្នុងមួយបារ៉ែល គិតចាប់តាំងពីជម្លោះបានចាប់ផ្តើម ប៉ុន្តែបានធ្លាក់ថ្លៃវិញនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង (OPEC) បានបង្ហាញថា ខ្លួនមិនមានគម្រោងធ្វើសកម្មភាពភ្លាមៗទៅតាមការអំពាវនាវរបស់ប្រទេសអ៊ីរ៉ង់ដែលជាសមាជិករបស់អង្គការ OPEC ឱ្យដាក់ទណ្ឌកម្មប្រេងលើអ៊ីស្រាអែលទេ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសឈូងសមុទ្រពែក្សកាលពីខែកក្កដា បាននិយាយទៅកាន់រាជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃពុធអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា និងជួយបន្ធូរបន្ថយភាពតានតឹង។
លោក Matsuno បាននិយាយថា លោកនាយករដ្ឋមន្ត្រី Kishida និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតមិនបានពិភាក្សាអំពីស្ថិរភាពនៃទីផ្សារប្រេងឆៅទេ ប៉ុន្តែលោកបានបន្ថែមថា «ខ្ញុំកំពុងស្នើសុំឱ្យប្រទេសពាក់ព័ន្ធ រួមទាំងអារ៉ាប៊ីសាអូឌីត ចាប់យកឱកាសផ្សេងៗ និងដើរតួនាទីនាំមុខក្នុងការរក្សាស្ថិរភាពទីផ្សារប្រេងឆៅពិភពលោក រួមទាំងការបង្កើនផលិតកម្មថែមទៀតផង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕