(សៀងហៃ)៖ ប្រទេសចិនកាលពីថ្ងៃពុធបានរិះគន់យ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកជុំវិញការទប់ស្កាត់ការលក់បន្ទះឈីបចុងក្រោយរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ចូ បៃឌិន បានចេញវិធានការថ្មីដើម្បីរឹតបន្តឹងបន្ថែមទៀតមិនឱ្យទីក្រុងប៉េកាំងមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប។

ក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការរឹតបន្តឹងបែបនេះ និងការបង្ខំឱ្យងាកចេញពីចិនដោយហេតុផលនយោបាយរំលោភលើគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌»

ក្រសួងការបរទេសចិនបានបន្ថែមថា សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនមិនចង់រារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនទេ ហើយប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់នូវចំណុចនេះជាជាងនិយាយផ្សេងធ្វើផ្សេង។

កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ខ្លួនគ្រោងនឹងបញ្ឈប់ការនាំចេញទៅកាន់ប្រទេសចិននូវបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតទំនើបដែលរចនាដោយក្រុមហ៊ុន Nvidia និងក្រុមហ៊ុនផ្សេងៗទៀត។

អាមេរិកក៏បានដាក់កម្រិតកាន់តែខ្លាំងទៅលើបន្ទះឈីបទំនើប និងឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសកាន់តែច្រើន រួមទាំងអ៊ីរ៉ង់ និងរុស្ស៊ី និងក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនដែលជាប់ក្នុងបញ្ជីខ្មៅគឺក្រុមហ៊ុន Moore Threads និងក្រុមហ៊ុន Biren។

លោក Yang Wang អ្នកវិភាគជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Counterpoint បានប្រាប់រ៉យទ័រថា លោករំពឹងថានឹងមានការរំខានតិចតួចចំពោះឧស្សាហកម្មបច្ចេកវិទ្យាសិប្បនិម្មិត (AI) របស់ចិនដោយសារតែក្រុមហ៊ុនជាច្រើនបាននិងកំពុងទិញស្តុកទុកបន្ទះឈីប។ លោកបានបន្ថែមថា ទោះជាយ៉ាងណា ផលប៉ះពាល់អាចកើតមានកាន់តែច្រើនក្នុងរយៈពេលមធ្យមទៅវែង ហើយអាចបណ្តាលឱ្យគម្លាតរវាងប្រទេសចិន និងប្រទេសផ្សេងទៀតក្នុងពិភពលោកនៅក្នុងវិស័យ AI ក្នុងពេលខាងមុខ។

លោក Charlie Chai អ្នកវិភាគមកពីក្រុមហ៊ុន 86Research បាននិយាយថា ការរឹតបន្តឹងនេះទំនងជានឹងជំរុញបន្ថែមទៀតនូវរបៀបវារៈរបស់ចិនក្នុងការធ្វើអ្វីៗដើម្បីស្វ័យផ្គត់ផ្គង់ដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញ៕