(ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៩ខែនេះ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ»

ក្នុងរយៈពេល៩ខែឆ្នាំនេះជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ គិតជាមធ្យម ក្នុងខែកញ្ញា ឆ្នាំ២០២៣ មានតម្លៃ២១១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕