(ប៉េកាំង)៖ សេដ្ឋកិច្ចចិនកើនឡើងក្នុងកម្រិតលឿនជាងការរំពឹងទុកនៅត្រីមាសទី៣ ឆ្នាំនេះ ខណៈការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្មនៅក្នុងខែកញ្ញាក៏កើនឡើងផងដែរ ដោយបង្ហាញថា វិធានការគោលនយោបាយថ្មីៗកំពុងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការចុះខ្សោយយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីរនេះចាប់តាំងពីត្រីមាសទី២ បានជំរុញឱ្យអាជ្ញាធរបង្កើនវិធានការគាំទ្រសេដ្ឋកិច្ចរបស់ពួកគេ ដោយទិន្នន័យនៅថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា វិធានការជំរុញទាំងនេះកំពុងចាប់ផ្តើមបង្ហាញឥទ្ធិពល ទោះបីជាវិបត្តិអចលនទ្រព្យ និងបញ្ហាផ្សេងទៀតនៅតែបន្តបង្កើតហានិភ័យចំពោះចក្ខុវិស័យសេដ្ឋកិច្ចក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិនកាលពីថ្ងៃពុធថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើង ៤,៩ភាគរយនៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការរំពឹងទុករបស់អ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាមានកំណើនតែ ៤,៤ភាគរយប៉ុណ្ណោះ។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ នេះមានកម្រិតទាបជាងអត្រា ៦,៣ភាគរយដែលសម្រេចបាននៅត្រីមាសទីពីរ។

បើធៀបនឹងត្រីមាសនិងត្រីមាសក្នុងឆ្នាំដូចគ្នាវិញ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣នេះ បានកើនឡើង ១,៣ភាគរយពោលគឺកើនឡើងពី ០,៥ភាគរយនៅក្នុងត្រីមាសទីពីរ និងខ្ពស់ជាងការព្យាករដែលថាមានកំណើន ១ភាគរយ។

លោក Matt Simpson អ្នកវិភាគទីផ្សារជាន់ខ្ពស់មកពីក្រុមហ៊ុន City Index ក្នុងទីក្រុង Brisbane បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វាហាក់បីដូចជាថា វិធានការជំរុញសេដ្ឋកិច្ចទាំងអស់នោះនៅទីបំផុតចាប់ផ្តើមចេញឥទ្ធិពល ដោយផ្តើមចេញពីកំណើនសេដ្ឋកិច្ច ការលក់រាយ ផលិតកម្មឧស្សាហកម្ម និងអត្រាគ្មានការងារធ្វើ»៕