(ភ្នំពេញ)៖ ក្រុមអ្នករកស៊ី និងជាអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញនូវការសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះសមិទ្ធផលថ្មី គឺការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

អ្នកជំនាញទាំងនោះបានបង្ហាញពីក្ដីសង្ឃឹមថា អាកាសយានដ្ឋានថ្មី ដែលទទួលការចុះចតពីយន្ដហោះប្រភេទធំៗ អាចនាំមកនូវភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជាផងដែរ។

លោក ​ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាសមាគម​ទេសចរណ៍​កម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ពិតជាអាចទាក់ទាញទេសចរអន្ដរជាតិបានច្រើន ដោយសារតែ ជាប្រភេទអាកាសយានដ្ឋានកម្រិតអន្ដរជាតិមួយ ដែលផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនអាកាសចរជាច្រើនលើពិភពលោក សម្លឹងឃើញ និងនាំយន្ដហោះធំៗចុះចត នាំមកនូវភ្ញៀវទេសចរពីតំបន់ផ្សេងៗ មកកាន់កម្ពុជា។

លោកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មិនត្រឹមតែអាចទាក់ទាញ និងទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឈានឆ្ពោះទៅរកវិស័យពាណិជ្ជកម្ម តាមរយៈការដឹកជញ្ជូនទំនិញ ដែលជាកត្តារួមផ្សំមួយផ្នែកទៀត ក្នុងការស្ដារសេដ្ឋកិច្ចជាតិ។

លោកបានបន្ថែមថា ដើម្បីទទួលបានភ្ញៀវទេសចរអន្ដរជាតិ កម្ពុជាក៏ត្រូវពង្រឹង និងត្រៀមខ្លួនបន្ថែមទៀត ដូចជាការពង្រឹងនូវផ្នែកបដិសណ្ឋាកិច្ច ទាំងវិស័យរដ្ឋ និងវិស័យឯកជន ផ្ដល់នូវសេវាកម្មឲ្យបានគ្រប់ជ្រុងជ្រោយ និងកក់ក្ដៅជូនភ្ញៀវ បន្ថែមពីនេះគួរតែលើកទឹកចិត្តផ្នែកច្បាប់ដូចជា ការលើកលែងទិដ្ឋាការក្ដី ការលើកលែងពន្ធ និងការលើកទឹកចិត្តដល់អ្នកវិនិយោគ ក្នុងរយៈពេលណាមួយខ្លី ឬរយៈពេលវែងជាដើម កត្តាទាំងនេះទើបធ្វើឲ្យកម្ពុជា អាចស្ដារសេដ្ឋកិច្ច និងវិស័យទេសចរឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងអាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិបានច្រើន តាមរយៈសមត្ថភាពក្នុងការទទួលការចុះចត នៃយន្ដហោះប្រភេទធំៗ ហើយនេះជាចំណាប់អារម្មណ៍ថ្មីមួយទៀត ដល់ក្រុមហ៊ុមអាកាសចរ ដែលមិនចង់ហោះហើរ ឆ្លងកាត់ប្រទេសដទៃទៀត អាចហោះហើរត្រង់មកកាន់កម្ពុជា និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទាំងនេះហើយរំពឹងថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ចូលមកទស្សនាកាន់តែច្រើន។

លោកស្រីបានបញ្ជាក់ថា «អ្វីដែលរឹតតែល្អប្រសើរនោះ គឺចំណេញដល់សេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ឱកាសការងារដល់ពលរដ្ឋ តាំងតែពីចាប់ផ្ដើមសាងសង់ រហូតដល់ពេលដាក់ឲ្យដាក់ដំណើរការ បន្ថែមពីនេះបានទាក់ទាញការវិនិយោគផ្សេងៗ ទាក់ទាញភ្ញៀវទេសចរ ទាក់ទាញការហោះហើរ ដោយសារតែការហោះហើរត្រង់ ចំណេញពេលវេលាច្រើន ដល់ភ្ញៀវទេសចរ ដែលនាំឲ្យភ្ញៀវមានពេលគ្រប់គ្រាន់ ក្នុងការបន្ដដំណើរទស្សនាទៅកាន់ខេត្ត ឬតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា»

លោកស្រីបានបញ្ជាក់ថា ក្រៅពីនោះបានផ្ដល់ផលចំណេញ ដល់ប្រជាពលរដ្ឋក្នុងស្រុក ទាំងការប្រកបការងារ ឬការធ្វើអាជីវកម្មជាដើម ក៏ព្រោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយឆ្ងាយពីក្រុងសៀមរាប ដូច្នេះប្រជាពលរដ្ឋដែលរស់នៅជិតអាកាសយានដ្ឋាន អាចប្រកបរបរនានា បើកអាជីវកម្ម ដើម្បីបម្រើអតិថិជន។

លោកស្រីថា ទន្ទឹមនឹងការហូរចូលនៃភ្ញៀវទេសចរ ក្នុងនាមសមាគមទេសចរណ៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំកញ្ចប់ទស្សកិច្ចសម្រាប់ភ្ញៀវទេសចរ។ ក្រៅអីនោះកម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយសមាគមក្នុងប្រទេសអាស៊ាន ដើម្បីបង្ហាញពីផលិតផលថ្មីៗ ខ្សែទស្សនកិច្ចថ្មីៗ និងការរំលេចឡើងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរ ឲ្យចូលមកកាន់កម្ពុជាកាន់តែច្រើន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងអំពីភាពល្អប្រសើរ ការដែលប្រទេសមួយមានអាកាសយានដ្ឋានដែលមានសមត្ថភាព អាចទទួលបានការចុះចតពីយន្ដហោះធំៗ ដែលជាផ្នែកមួយនៃការទទួលបានភ្ញៀវទេសចរអន្ដរជាតិ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន៕