(ភ្នំពេញ)៖ ក្រុមហ៊ុន Travelex ដែលជាប្រតិបត្តិករប្តូររូបិយប័ណ្ណបរទេសឈានមុខគេមួយ ក្នុងពិភពលោក បានចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដាក់រូបិយប័ណ្ណរៀលរបស់កម្ពុជា សម្រាប់ការប្តូរប្រាក់ជាមួយរូបិយប័ណ្ណបរទេស នៅអាកាសយានដ្ឋាន ឆាងជី (Changi) ប្រទេសសិង្ហបុរី។

យោងតាមគេហទំព័រ Travel and Tour បានឱ្យដឹងថា ជាបឋមក្រុមហ៊ុន Travelex ដាក់រូបិយប័ណ្ណរៀល សម្រាប់ការប្តូរប្រាក់នៅស្ថានីយទី២ និងស្ថានីយទី៣នៃព្រលានយន្តហោះ ឆាងជី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតមួយនៅអាស៊ី និងជាច្រកចូលមកកាន់ប្រទេសកម្ពុជា។

អ្នកដំណើរនឹងអាចប្តូរប្រាក់រៀលនៅព្រលាន ឆាងជី ជាមួយរូបិយប័ណ្ណបរទេសនានា ដូចជាប្រាក់ដុល្លារសិង្ហបុរី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារអូស្រ្តាលី ប្រាក់អឺរ៉ូអឺរ៉ុប និងប្រាក់យ៉េនជប៉ុនជាដើម។

ការវិនិយោគរបស់ក្រុមហ៊ុន Travelex នៅលើប្រាក់រៀលរបស់កម្ពុជា និងការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការជួញដូររូបិយប័ណ្ណនេះ នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏លេចធ្លោមួយរបស់អាស៊ី បង្ហាញពីការអភិវឌ្ឍដ៏សំខាន់សម្រាប់រូបិយប័ណ្ណរៀល។ ការជួញដូរប្រាក់រៀលរបស់ក្រុមហ៊ុន Travelex មានន័យថា ប្រាក់រៀលឥឡូវនេះអាចជួញដូរបានជាមួយរូបិយប័ណ្ណបរទេសផ្សេងទៀត នៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។

លោក Dragon Wang នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Travelex Asia បានមានប្រសាសន៍ថា «យើងរីករាយដែលបានគាំទ្ររូបិយបណ្ណជាតិរបស់កម្ពុជា និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការផ្តល់លទ្ធភាពឱ្យមានការប្តូរប្រាក់រៀល នៅអាកាសយានដ្ឋាន ឆាងជី។ ការផ្តល់សេវាប្តូរប្រាក់រៀលនៅព្រលាន ឆាងជី នេះនឹងផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរទាំងទៅ និងមកពីប្រទេសកម្ពុជានូវភាពងាយស្រួលជាងមុន ក្នុងការប្តូរប្រាក់រៀលជាងពេលណាៗទាំងអស់។ យើងក៏ពិតជាមានមោទនភាពផងដែរ ដែលបានក្លាយជាផ្នែកមួយនៃដំណើរការរបស់ប្រទេសកម្ពុជា ក្នុងការបង្កើនឥទ្ធិពល និងវត្តមានរបស់ប្រាក់រៀល»

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា បាននិងកំពុងធ្វើការលើកកម្ពស់ប្រាក់រៀល ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីធានាបាននូវកំណើន និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសពីការពង្រីក ការប្រើប្រាស់ប្រាក់រៀល ក្នុងទីផ្សារអន្តរជាតិផងដែរ តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បាគង ដែលមានមូលដ្ឋានលើបច្ចេកវិទ្យា blockchain របស់ធនាគារជាតិនៃកម្ពុជា ទៅកាន់ធនាគារកណ្តាលរបស់ប្រទេសផ្សេងទៀត និងក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធទូទាត់ពាណិជ្ជកម្មធំៗនានា បន្ទាប់ពីការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ ដោយជោគជ័យជាមួយប្រទេសថៃ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Travelex ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ដើម្បីផ្តល់ផលិតផល ដំណោះស្រាយ និងសេវាប្តូរប្រាក់អន្តរជាតិ។ ក្រុមហ៊ុនប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មប្តូរប្រាក់បរទេសនៅក្នុងប្រទេសជាង ២០ ប្រទេស មានបណ្តាញម៉ាស៊ីន ATM ជាង ៩០០ និងបញ្ជរប្តូរប្រាក់ជាង ១.១០០ នៅក្នុងព្រលានយន្តហោះអន្តរជាតិធំៗមួយចំនួនក្នុងពិភពលោក និងនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនធំៗ អគារទិញលក់ទំនិញទំនើបលំដាប់ខ្ពស់ ទីតាំងផ្លូវសំខាន់ៗ ផ្សារទំនើប និងតំបន់ទីប្រជុំជននានា៕