(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគ្រោងវិនិយោគថ្មីចំនួន៥ថែមទៀត សរុបទុនវិនិយោគជាង៥០លានដុល្លារ​ បង្កើតការងារថ្មីរាប់ពាន់កន្លែងផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ TELCOTECH LTD. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

២៖ JINZHENG HOME DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨.៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៤០កន្លែង។

៣៖ BESWIN FASHION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៦៣៦កន្លែង។

៤៖ PET NEW MATERIALS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៥៖ MAXWILL GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៥៨៦កន្លែង៕