(ក្រុងម៉ារ៉ាកេស)៖ អង្គការពាណិជ្ជកម្មពិភពលោកសង្ឃឹមថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់អាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដោយព្រមានថា វានឹងមានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលខ្សោយរួចទៅហើយនោះ បើសង្គ្រាមនេះរីករាលដាលពាសពេញតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការ WTO បានថ្លែងក្នុងអំឡុងពេលស្ថិតក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកក្នុងសប្តាហ៍មុននៅប្រទេសម៉ារ៉ុកថា អំពើហឹង្សានៅមជ្ឈិមបូព៌ាអាចបន្ថែមបញ្ហាទៀតទៅលើកត្តានានាដែលរារាំងដល់កំណើនពាណិជ្ជកម្ម រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

លោកស្រីបានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងនៅក្នុងបទសម្ភាសមួយថា៖ «យើងសង្ឃឹមថា វានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយស្ថិតក្រោមការគ្រប់គ្រងបាន។ ការភ័យខ្លាចដ៏ធំបំផុតរបស់យើងគឺប្រសិនបើវារីកធំឡើង ព្រោះវានឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្ម»។ លោកស្រីបន្ថែមថា៖ «អ្នករាល់គ្នាមានការប្រុងប្រយ័ត្នណាស់ ហើយសង្ឃឹមថានឹងទទួលបានអ្វីដែលល្អបំផុត»

លោកស្រី Okonjo-Iweala បាននិយាយថា ភាពមិនប្រាកដប្រជាជាសកលកំពុងដាក់កម្រិតដល់កំណើនពាណិជ្ជកម្មរួចហើយ ប៉ុន្តែវានឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀតដោយសារការចាប់ផ្ដើមកើតមានសង្រ្គាមភ្លាមៗរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប។

លោកស្រីមានប្រសាសន៍ថា៖ «មានភាពមិនច្បាស់លាស់ថាតើវានឹងរីករាលដាលបន្ថែមទៀតទៅកាន់តំបន់ទាំងមូលឬយ៉ាងណា ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក»។ លោកស្រីបន្តថា៖ «យើងសង្ឃឹមថា វានឹងបញ្ចប់ ព្រោះវាបង្កើតឱ្យមានភាពមិនច្បាស់លាស់នេះ។ វាជាពពកខ្មៅងងឹតមួយទៀតនៅពេលខាងមុខ»

ស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះកាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាកររបស់ខ្លួនពីកំណើនពាណិជ្ជកម្មទំនិញសកលនៅឆ្នាំនេះ ដោយលើកឡើងពីអតិផរណារ៉ាំរ៉ៃ អត្រាការប្រាក់កាន់តែខ្ពស់ ការធ្លាក់ចុះសេដ្ឋកិច្ចចិន និងសង្រ្គាមនៅអ៊ុយក្រែន ដោយព្យាករថា ទំហំពាណិជ្ជកម្មទំនិញនឹងកើនឡើងត្រឹមតែ ០,៨ភាគរយក្នុងឆ្នាំ២០២៣ធៀបនឹងការព្យាករកាលពីខែមេសាដែលថាមាន ១,៧ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕