(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនលោក Yoshitaka Shindo បានឱ្យដឹងនៅថ្ងៃសុក្រថា ជប៉ុនលែងស្ថិតក្នុងបរិត្តផរណាទៀតហើយ ប៉ុន្តែក្រុមអ្នកបង្កើតគោលនយោបាយត្រូវធានាមិនឱ្យតម្លៃទំនិញប្រើប្រាស់ធ្លាក់ចូលទៅក្នុងវិបត្តិនេះជាថ្មី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

 លោក Shindo បាននិយាយថា ក្រុមអ្នកបង្កើតគោលនយោបាយត្រូវតែឃ្លាំមើលឱ្យបានដិតដល់នូវសូចនាករសំខាន់ៗ រួមទាំងឱនភាពទិន្នផល និងតម្លៃពលកម្មជាដើមមុនពេលពួកគេប្រកាសបិទបញ្ចប់វិបត្តិបរិត្តផរណាទាំងស្រុង។

លោក Shindo ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងបទសម្ភាសន៍មួយថា៖ «សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនលែងស្ថិតក្នុងពេលវេលាបរិត្តផរណាទៀតហើយ» ។ លោកបន្ថែមថា៖ «សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងរីកចម្រើនជាលំដាប់» ឆ្ពោះទៅរកការបិទបញ្ចប់បរិត្តផរណា។

ក្រុមអ្នកបង្កើតគោលនយោបាយឱ្យដឹងថា សេដ្ឋកិច្ចជប៉ុនលែងស្ថិតក្នុងដំណាក់កាលបរិត្តផរណាដែលបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ 1990 ទៀតហើយ ទោះបីជាពួកគេមិនទាន់បានប្រកាសពីការបញ្ចប់ជាចុងក្រោយនៃវិបត្តិនេះក៏ដោយ ដោយសារតែមានហានិភ័យនាពេលបច្ចុប្បន្នជុំវិញការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏ផុយស្រួយ។

លោក Shindo បានស្វាគមន៍កិច្ចប្រឹងប្រែងដែលរដ្ឋាភិបាល និងធនាគារកណ្តាលបានធ្វើក្នុងការទាញសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនដែលជាមហាអំណាចទីបីរបស់ពិភពលោកឱ្យចាកចេញពីបរិត្តផរណា៕