(ភ្នំពេញ)៖ ភាពជោគជ័យនៃដំណើរការប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា កំពុងក្លាយជាគំរូអភិវឌ្ឍន៍ប្រព័ន្ធឌីជថល នៅប្រទេសជាច្រើន ជាក់ស្ដែងប្រព័ន្ធបាគងកំពុងជួយបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុនជប៉ុន Soramitsu ឱ្យមានការទទួលស្គាល់យ៉ាងឆាប់រហ័ស ហើយធ្វើឱ្យក្រុមហ៊ុននេះទទួលបានគម្រោង ពីធនាគារកណ្តាលជាច្រើន ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលតាមលំនាំប្រព័ន្ធបាគង។

ការវិវិត្តនេះឆ្លុះបញ្ជាំពីការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីអភិវឌ្ឍប្រព័ន្ធបាគង តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនបង្កើតថ្មី Soramitsu ព្រមទាំងបានបង្ហាញពីភាពទំនើប និងសុវត្ថិភាពខ្ពស់នៃប្រព័ន្ធបាគង ក្នុងការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយផ្សេងទៀត បានយ៉ាងងាយស្រួល និងឆាប់រហ័ស។

ចំពោះភាពលេចធ្លោនៃប្រព័ន្ធបាគង ដែលបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា តែងត្រូវបានរំលេចឡើងជាញឹកញាប់ លើឆាកអន្តរជាតិ ដោយអ្នកដឹកនាំស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ និងឥស្សរជនជាអ្នកដឹកនាំនៅប្រទេសធំៗ។

ចំពោះការវិវត្តវិជ្ជមាននៃប្រព័ន្ធទូទាត់បាគង បានធ្វើឱ្យក្រុមហ៊ុន Soramitsu ក្លាយជាក្រុមហ៊ុនដ៏មាន សក្តានុពលមួយ ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅក្នុងតំបន់អាស៊ី ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស នៅជុំវិញពិភពលោករួមមាននៅសហរដ្ឋអាមេរិក និងប្រទេសស្វីសជាដើម ដោយមានបុគ្គលិកសរុប១៥០នាក់។

Soramitsu បានទទួលសេចក្តីទុកចិត្តឱ្យអភិវឌ្ឍន៍ ប្រព័ន្ធទូទាត់ឌីជីថល ឱ្យធនាគារកណ្តាលជាច្រើនរួមមានដូចជា ធនាគារកណ្តាលឡាវ ធនាគារកណ្តាលហ្វ៊ីជី ធនាគារកណ្តាលកោះសូឡូម៉ូនជាដើម។ បន្ថែមលើនេះក្រុមហ៊ុន Soramitsu ក៏កំពុងសិក្សាពីលទ្ធភាពអភិវឌ្ឍរូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាលប្រទេសមួយចំនួនរួមមាន ធនាគាររដ្ឋវៀតណាម និងធនាគារកណ្តាលហ្វីលីពីន ផងដែរ។

លោក Stephen Higgins ស្ថាបនិកនិងជាដៃគូគ្រប់គ្រង ក្រុមហ៊ុន Mekong Strategic Capital បានថ្លែងថា «បាគងបានធ្វើឱ្យប្រព័ន្ធទូទាត់នៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលបានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ នេះជាសមិទ្ធផលដ៏គួរជាទីមោទនៈសម្រាប់ប្រទេសកម្ពុជា»

បន្ថែមលើជោគជ័យដែលមានស្រាប់ ធនាគារជាតិនៃកម្ពុជា កំពុងបន្តអភិវឌ្ឍប្រព័ន្ធបាគង សម្រាប់ការផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនថែមទៀត និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែនជាមួយប្រទេសថៃ ចិន ម៉ាឡេស៊ី និងឡាវ ដោយជោគជ័យ ខណៈការតភ្ជាប់ជាមួយប្រទេសវៀតណាម និងឥណ្ឌា គ្រោងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ។

ធនាគារជាតិនៃកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់ (MoU) ជាលក្ខណៈទ្វេភាគីជាមួយប្រទេសជាច្រើនដូចជា ហ្វីជី កោះសូឡូម៉ូន រួចមកហើយ និងគ្រោងចុះ MoU ជាមួយប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត និងរវ៉ាន់ដា ដើម្បីពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទូលាយ។

ជាក់ស្តែងក្នុងសុន្ទរកថា មួយអំឡុងខែឧសភា ឆ្នាំ២០២៣ នៅវេទិកាអនាគតអាស៊ី (Future of Asia Forum) នៅទីក្រុងតូក្យូ លោក Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ធ្លាប់បានរំលេចឈ្មោះប្រព័ន្ធទូទាត់បាគងថា ឧទាហរណ៍ជាក់ស្តែងបង្ហាញ ពីកិច្ចសហប្រតិបត្តិការប្រកបដោយ ជោគជ័យរវាងជប៉ុន និងកម្ពុជា ដែលជាគំរូល្អមួយ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍។

លោកបានបញ្ជាក់ថា «ឆន្ទៈរបស់ថ្នាក់ដឹកនាំវ័យក្មេង នៅធនាគារជាតិនៃកម្ពុជាក្នុងវ័យ៣០ឆ្នាំទៅ៤០ឆ្នាំ គួបផ្សំនឹងគំនិតឆ្នៃប្រឌិត របស់ក្រុមហ៊ុនជប៉ុនដែលទើបបង្កើតថ្មី បាននាំមកនូវអត្ថប្រយោជន៍ ផ្នែកសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់ប្រជាជននៅតាមតំបន់ជនបទ ដែលសាខាធនាគារមិនទាន់មានប្រតិបត្តិការ»

សូមជម្រាបថា ប្រព័ន្ធបាគង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០២០ ហើយគិតមកទល់ពេលនេះ មានអ្នកប្រើប្រាស់សរុប៨,៥លានគណនី កាលពីឆ្នាំ២០២២ ការទូទាត់តាមប្រព័ន្ធបាគងមានទឹកប្រាក់សរុប ១២,២ប៊ីលានដុល្លារ និង១២,៨ទ្រីលានរៀល៕