(ភ្នំពេញ)៖ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា​ជាច្រើននាក់ នឹងទៅទស្សនិកនៅអាមេរិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្វែងរកឱកាសនាំចេញផលិតផលកសិកម្មបន្ថែម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមវិនិយោគិនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)។

ក្នុងដំណើរទស្សនកិច្ចនេះ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា នឹងចូលរួមក្នុងពិធីតាំងពិព័រណ៍ និងសន្និសីទពាណិជ្ជកម្ម នៅទីក្រុងឡុងប៊ិច ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិក ដើម្បីដាក់តាំងបង្ហាញផលិតផលចំណីអាហារ ដល់អ្នកបញ្ជាទិញ និងអ្នកចូលរួម​ ព្រមទាំងបង្កើតទំនាក់ទំនងអាជីវកម្មផ្តួចផ្តើម ការពិភាក្សាជាមួយវិនិយោគិន និងផ្គូផ្គងផលិតផល ឬសេវាកម្មជាមួយធុរជនអាស៊ីរាប់រយនាក់ មកពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។

ក្រៅពីពិព័រណ៍ និងសន្និសីទពាណិជ្ជកម្មនេះ ពាណិជ្ជករ និងវិនិយោគិនរបស់កម្ពុជា ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កំពង់ផែឡុងប៊ិច​ និងឃ្លាំងស្តុកទុកកសិផល និងផលិតផលចំណីអាហារ និងចូលរួមសិក្ខាសាលាស្តីពីបែបបទគយ ស្ថាប័នចំណីអាហារ និងឱសថ និងស្តង់ដារផលិតផលចំណីអាហាររបស់សហរដ្ឋអាមេរិកផងដែរ។

សមាគមវិនិយោគិនវានុវត្តន៍ និងអភិវឌ្ឍន៍ បានលើកឡើងថា នេះគឺជាលើកទី២ហើយ ដែលបានរៀបចំដំណើរទស្សនកិច្ចនេះឡើងដើម្បីឱ្យពាណិជ្ជកររបស់កម្ពុជា មានឱ្យពង្រីកទីផ្សាររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងក្លាយជាឱកាសល្អសម្រាប់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជា បានស្វែងយល់ពីបែបបទនៃការនាំចេញផលិតផលជាពិសេសកសិផលទៅសហរដ្ឋអាមេរិក និងបានបង្ហាញផលិតផលកសិកម្ម​ និងម្ហូបអាហារទៅកាន់អ្នកបញ្ជាទិញនៅអាមេរិក​ និងបានបង្កើតទំនាក់ទំនងជាមួយពួកគេទៀតផង។

សូមជម្រាបផងដែរ កម្មវិធី ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក​ ចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣​ បានរៀបចំឡើងដោយ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC ) ក្រោមកិច្ចសហការពីសហគ្រិនខ្មែរ​(KE) និង សភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា (AmCham)៕